Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចចុះបង្កកទ្រព្យសម្បត្តិ ម្ចាស់បទល្មើសកែច្នៃសំណាកសត្វព្រៃកម្រ និងជិតផុតពូជ, អភិបាលរងខណ្ឌដង្កោម្នាក់ គំរាមអ្នកសារព័ត៌មាន

ភ្នំពេញ ៖ បន្ទាប់ពីរកឃើញបទល្មើស ស្ដីពី ការកែច្នៃសំណាកសត្វព្រៃកម្រជិតផុតពូជ (ឬកែច្នៃវត្ថុធាតុដើមសត្វព្រៃកម្រជិតផុតពូជ) ជាច្រើននោះ កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម ដឹកនាំដោយរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ បានចុះទៅអនុវត្តដីកាបង្កកទ្រព្យសម្បត្តិ របស់ឈ្មួញដែលរកស៊ីកែច្នៃសំណាកសត្វព្រៃល្មើសច្បាប់ខាងលើនេះ ក្រោយពីធ្វើការឃាត់ខ្លួនបានម្នាក់ មួយរយៈកន្លងមក, ហើយកម្លាំងបានដកហូតវត្ថុតាងសំណាកសត្វព្រៃ (ឬវត្ថុធាតុដើមកែច្នៃចេញពីសត្វព្រៃ) កម្រៗច្រើនមុខ មានដូចជា ភ្លុកដំរី ចែកាច់ ជាដើម នៅក្នុងផ្ទះឈ្មួញ។

ការចុះអនុវត្តដីកាបង្កកទ្រព្យសម្បត្តិនេះ បានធ្វើឡើង នាវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ១១B ភូមិកណ្ដាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច ដែលចុះទៅដល់ផ្ទះកើតហេតុនៃបទល្មើសកែច្នៃសំណាកសត្វព្រៃនេះ បានឲ្យដឹងថា កាលពី ៣សប្ដាហ៍មុននេះ គឺនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ក្រោយពីធ្វើការស្រាវជ្រាវរកឃើញបទល្មើសមួយចំនួននៅផ្ទះខាងលើរួចហើយ កម្លាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ក៏បានចុះទៅធ្វើការឆែកឆេរទីតាំងនោះ មិងបានឃាត់ខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ ឡា សេងងួន ភេទប្រុស អាយុ៤២ឆ្នាំ ជាឈ្មួញធ្វើពាណិជ្ជកម្មសន្និធិ កែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ គឺកែច្នៃវត្ថុធាតុដើមចេញពីសត្វព្រៃកម្រៗជិតផុតពូជ។

ករណីនេះ ក៏មានអ្នកពាក់ព័ន្ធ ៣នាក់ ទៀតផងដែរ កំពុងរត់គេចខ្លួន ក្នុងនោះ ÷

១- ម្ចាស់គណនីធនាគារឈ្មោះ Sok Theara ស្នាក់នៅផ្ទះសិប្បកម្មឈើ ម្ដុំហ្រ្គែនភ្នំពេញ, ជិះរថយន្តម៉ាកហ្វ័ត Pigup ស៊េរីឆ្នាំ២០១២ ពណ៌ស ពាក់ស្លាកលេខ 0449,

២-ម្ចាស់គណនីធនាគារ ឈ្មោះ លី ហេងហួរ ស្នាក់នៅម្ដុំក្រោយវត្តនិរោធន៍ និងមានតូបលក់ដូអីវ៉ាន់ឈ្មោះ ម៉ែអាម៉ី តូបលេខ២ នៅផ្សារទួលទំពូង មានវត្ថុតាង ភ្លុកដំរីសម្រាប់លក់ឲ្យម៉ូយ, និង

៣- ម្ចាស់គណនីធនាគារឈ្មោះ សី ហួរ ។

មជ្ឈមណ្ឌលព័ត៌មាន CEN សូមទាញការចាប់អារម្មណ៍ពីសាធារណជនបន្តិច គឺក្នុងពេលកំពុងអនុវត្តដីកាបង្កកទ្រព្យសម្បត្តិជនជាប់ចោទនៃបទល្មើសកែច្នៃសំណាកសត្វព្រៃកម្រៗជិតផុតពូជនេះ មានក្រុមអ្នកសារព័ត៌មានជាច្រើន បានចុះសម្រង់យករបាយការណ៍ និងប្រមាញ់យករូបភាពដើម្បីធ្វើការផ្សព្វផ្សាយ ជាប្រយោជន៍ស្នាដៃសមត្ថកិច្ច និងជូនទៅសាធារណជនក៏ដូចជាមន្ត្រីរាជការជ្រួតជ្រាបនោះ ស្រាប់តែមន្ត្រីសមត្ថកិច្ចជំនាញ គឺរដ្ឋបាលព្រៃឈើ និងមន្ត្រីអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ បែរជាខ្វែងគំនិតគ្នាទៅវិញ។

ករណីខ្វែងគំនិតគ្នានេះ គឺ ខាងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលជាម្ចាស់ករណី ពុំបានហាមឃាត់អ្នកសារព័ត៌មានក្នុងការសម្រង់ព័ត៌មាន និងប្រមាញ់រូបភាពឡើយ ហើយថែមទាំងរីករាយផ្ដល់ព័ត៌មានជូនអ្នកសារព័ត៌មានថែមទៀត, ប៉ុន្តែស្របពេលនោះ បែរជា លោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោ សម្ដែងកិរិយាមិនសប្បាយចិត្តទាល់តែសោះ ដោយពុំដឹងថា ជាអ្នកកាងបទល្មើស ឬទទួលផលប្រយោជន៍ពីឈ្មួញខាងលើនេះ ឬបែបណានោះទេ ស្រាប់តែនិយាយគំរាមមិនឲ្យផ្សាយព័ត៌មាននេះទៅវិញ, ដោយលោកអភិបាលរងខណ្ឌដង្កោរូបនេះនិយាយថា «ថតបានតែហាមផ្សាយ បើហ៊ានផ្សាយ និងទទួលខុសត្រូវដោយខ្លួនឯង»។

មិនតែប៉ុណ្ណោះ លោក ប៊ុន ណារុំ បានឲ្យកូនចៅមកថតរូបអ្នកកាសែតទុកថែមទៀតផង ដោយពុំដឹងថា លោក ប៊ុន ណារុំ អភិបាលរងខណ្ឌដង្កោរូបនេះ មានគោលបំណងអ្វីមកលើអ្នកកាសែតនោះឡើយ, ក្នុងនាមជាអ្នកសារព័ត៌មាន សូមសួរថា តើលោក ប៊ុន ណារុំ សំអាងលើមូលដ្ឋានច្បាប់អ្វីមកហាមអ្នកកាសែតមិនឲ្យផ្សាយអំពីហេតុការណ៍សមត្ថកិច្ចចម្រុះ ចុះអនុវត្តដីកាបង្កកទ្រព្យសម្បត្តិ នៃបទល្មើសលើសំណាកសត្វកម្រជិតផុតពូជនេះ?!

ឥឡូវ សូមងាកមកមើលបទល្មើសស្តីពី ការកែច្នៃសំណាកសត្វព្រៃវិញ គឺសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី១៥ ខែមីនា នៃការស្រាវជ្រាវរកបទល្មើស និងរហូតមកដល់ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ រួមជាមួយកម្លាំងចម្រុះពាក់ព័ន្ធផ្សេងទៀត ដែលដឹកនាំដោយ លោក ហម សារាវុធ អនុប្រធានរដ្ឋបាលព្រៃឈើ បានចុះទៅអនុវត្តដីកាបង្កកទ្រព្យសម្បត្ត លេខ៤០ អ ដ ប ទ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កកទ្រព្យសម្បត្តិរបស់ ឈ្មោះ ឡា សេងងួន ដែលក្នុងនោះ រួមមានផ្ទះ និងសម្ភារៈផ្សេងៗទៀត ហាមលក់ដូរ ផ្ទេរកម្មសិទ្ធិ ជួល បញ្ចាំ និងធ្វើអំណោយផ្សេងៗ រហូតមានដីកាសម្រេចជាថ្មីពីសាលាដំបូងរាជធានីភ្នំពេញ។

ទាក់ទងទៅនឹងការបង្កកទ្រព្យសម្បត្តិម្ចាស់នៃបទល្មើសនេះ សមត្ថកិច្ចបានពន្យល់ថា តាមការស្រាវជ្រាវផ្ទះខាងលើ គឺបានមកពីផលរបរធ្វើពាណិជ្ជកម្ម សន្និធិកែច្នៃសំណាកសត្វព្រៃក្នុងក្រុមកម្រ និងជិតផុតពូជ ដែលសមត្ថកិច្ចរកឃើញថា ធ្វើឡើងកាលពីអំឡុងចុងឆ្នាំ២០១៩ ដល់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ បទល្មើសនេះ មានចែងតាម មាត្រា ៩៦ កថាខណ្ឌ១ ចំណុចទី១៧ និងចំណុចទី១៩ មាត្រា៩៨ កថាខណ្ឌ១ ចំណុចទី១២ នៃច្បាប់ស្ដីពីព្រៃឈើ និងមាត្រា ២៩ថ្មី១ នៃច្បាប់វិសោធនកម្ម , មាត្រ៣ មាត្រ២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលប្រកាសឲ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៦១/០០៦ ចុះថ្ងៃទីចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×