ភ្នំពេញ ៖ នៅរសៀលថ្ងៃថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា តាមរយៈការបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការជួយពង្រឹងសមត្ថភាពរបស់ចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ព្រមទាំងការងារមួយចំនួនផ្សេងទៀត។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំង នៅថ្ងៃនេះ បានឲ្យដឹងថា កិច្ចពិភាក្សាបានផ្តោតលើប្រធានបទជាច្រើន ជាពិសេសលើសារសំខាន់របស់ហ្វ្រង់កូហ្វូនី និងសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌ ដែលទទួលបានការជ្រោមជ្រែង ពីសហប្រតិបត្តិការបារាំងអស់រយៈពេល២០ឆ្នាំកន្លងមកហើយ។ កិច្ចសហការនេះស្តែងឡើងតាមរយៈកម្មវិធីបណ្តុះបណ្តាលដែលនិស្សិតទទួលបានសញ្ញាប័ត្រពីរ ក្នុងក្របខ័ណ្ឌនៃកិច្ចសហការ រវាងសាលាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងសាកលវិទ្យាល័យបារាំង Lumière Lyon II ក៏ដូចជាការគាំទ្រដល់សាលាភូមិន្ទចៅក្រម ការផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង និងការបង្កើតបណ្តាញ @Alumni France Cambodia។

ក្រៅពីនេះ ការពិភាក្សាក៏បានផ្តោតទៅលើគម្រោងកំណែទម្រង់របស់ក្រសួងយុត្តិធម៌ (គម្រោងបង្កើតតុលាការ ពាណិជ្ជកម្ម និងការងារ ការអភិវឌ្ឍន៍មជ្ឈត្តកម្មពាណិជ្ជកម្ម ការពន្លឿននីតិវិធីតុលាការ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានសម្តែងការព្រួយបារម្ភរបស់ប្រទេសបារាំងទាក់ទងនឹងសិទ្ធិមនុស្ស ជាពិសេសលើគម្រោងបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ (NIG) ហើយលោកបានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដោយសេរី ត្រឹមត្រូវ និងតម្លាភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







