Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ជំរុញឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត

spot_img

ភ្នំពេញ៖ ​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់៣ខែ ឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលជាចក្រសេដ្ឋកិច្ចមួយដ៏សំខាន់របស់ប្រទេសកម្ពុជា។

កាលពីពេលថ្មីៗនេះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម សូរ វ៉ិចទ័រ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលគម្រោងសិក្សាផ្លូវល្បឿនលឿននេះ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត របស់ក្រុមហ៊ុន China Railway International Group Co., Ltd ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសិក្សា តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស។

ឯកឧត្តម បានកំណត់ពេលវេលាចំនួនបីខែ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សា ពិនិត្យ និងកែសម្រួលលទ្ធផលនៃការសិក្សារបស់ខ្លួន ឬសិក្សាបន្ថែមដើម្បីផ្ដល់របាយការណ៍ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន និងបានជំរុញឱ្យក្រុមហ៊ុនធ្វើយ៉ាងណាបញ្ចប់ការសិក្សារបស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលាដែលបានកំណត់ ដើម្បីឈានទៅការចាប់ផ្ដើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតក្នុងពេលវេលាឆាប់ៗតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។

តាមរយៈកិច្ចប្រជុំនេះ កម្ពុជា បានផ្តោតជាសំខាន់លើការពិភាក្សាអំពីការកំណត់ពេលវេលាជាក់លាក់ឱ្យក្រុមហ៊ុនបញ្ចប់របាយការណ៍សិក្សារបស់ខ្លួនប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមបទដ្ឋាន និងមានគុណភាព ដែលអាចទទួលយកមកពិនិត្យ និងវាយតម្លៃជារួមបាន។

គួរបញ្ជាក់ថា បច្ចុបន្ន កម្ពុជា បានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត និង ភ្នំពេញ ព្រះសីហនុ ដែលផ្លូវល្បឿនលឿននេះ មានប្រវែង ១៩០ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅកំពង់ផែ សមុទ្រក្រុងព្រះសីហនុ និងលើផ្លូវជាតិលេខ៤ ដែលមានស្រាប់ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ។

ផ្លូវល្បឿនលឿននេះ ជាការសាងសង់មួយធ្វើឡើងចំពេលរាជរដ្ឋាភិបាល មានគម្រោងពង្រីកសមត្ថភាព កំពង់ផែសមុទ្រទឹកជ្រៅ កំពង់ផែស្វយ័តព្រះសីហនុ នឹងជួយលើកកម្ពស់ការដឹកជញ្ជូន រួមចំណែកដល់ភាពពេញលេញនៃភស្តុភារក្នុងប្រទេស និងតំបន់៕

spot_img
×