Thursday, May 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប : គណបក្សនយោបាយទាំងអស់ ទទួលបានឱកាសស្មើភាព ក្នុងការផ្សព្វផ្សាយ ពីគោលនយោបាយរបស់ខ្លួន

ភ្នំពេញ ៖ គណបក្សនយោបាយទាំងអស់ទទួលបានឱកាសដោយស្មើភាព តម្លាភាព និងឥតគិតថ្លៃ ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សម្រាប់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា រួមទាំងការផ្សព្វផ្សាយអត្ថបទឃោសនារបស់គណបក្សក្នុងព្រឹត្តិបត្រគោលនយោបាយ ដែលចេញផ្សាយដោយ គ.ជ.ប។
នេះជាការបញ្ជាក់របស់លោកម៉ុក ដារ៉ា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយជូនសាធារណជន ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ។

លោក ម៉ុក ដារ៉ា បានថ្លែងបន្ថែមទៀតថា គ.ជ.ប រៀបចំកិច្ចប្រជុំនេះឡើង ដើម្បីជម្រាបជូនដល់គណបក្សនយោបាយទាំងអស់ ឱ្យបានជ្រួតជ្រាបពីប្រធានបទសម្រាប់កម្មវិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ និងលក្ខណៈបច្ចេកទេសនៃការផលិតស្ប៉តគណបក្សនយោបាយ និងការរៀបចំអត្ថបទសម្រាប់ព្រឹត្តិបត្រគោលនយោបាយ។

ប្រធានដឹកនាំកិច្ចប្រជុំ និងមន្រ្តីជំនាញរបស់ គ.ជ.ប ក៏បានឆ្លើយតបនឹងសំណួររបស់តំណាងគណបក្សនយោបាយដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានរៀបចំឱ្យតំណាងគណបក្សនយោបាយទាំងអស់ចាប់ឆ្នោត ដើម្បីឱ្យការថត និងចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយ និងស្ប៉តគណបក្សនយោបាយ ប្រព្រឹត្តទៅស្របតាមនីតិវិធី និងដោយតម្លាភាព។

សូមជម្រាបថា កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពីតំណាងគណបក្សនយោបាយ សរុបចំនួន ១៧ ដែលសុទ្ធតែជាគណបក្សនយោបាយបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងអ្នកសារព័ត៌មានមួយចំនួនផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×