ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណីបើកកន្លែងម៉ាស្សា តែបង្កប់កន្លែងវ៉ៃសិច ប្រព្រឹត្ត ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ ២០២០ ។
លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះមាន ឈ្មោះ ថៃ ម៉េងគង់ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ថៅកែហាងម៉ាស្សា ។
នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ បានកាត់ទោស ជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ និង បង្គាប់ឱ្យសងជំងឺចិត្តដល់ជនរងគ្រោះចំនួនពីរនាក់ ក្នុងម្នាក់ៗ ចំនួន ៥០០ ដុល្លារ ពីបទ ” សញ្ចរកម្មមានស្ថានទម្ងន់ទោស ” តាមមាត្រា ២៧ នៃច្បាប់ស្តីពីការជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានី បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។ ជនជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា