ភ្នំពេញៈ កំណាត់ផ្លូវលេខ៤៣៦ ផ្លូវលេខ៩៩ ផ្លូវលេខ៩៥ ក្នុងសង្កាត់បឹងត្របែក និងមហាវិថីម៉ៅសេទុង មហាវិថីព្រះសីហនុ ព្រមទាំងបណ្ដាផ្លូវជាច្រើនខ្សែទៀត ក្នុងមូលដ្ឋានខណ្ឌចំការមន ត្រូវបានក្រុមអ្នកមានរថយន្ត បានយករថយន្តមកចតរំលោភទន្ទ្រានយកមកធ្វើអាជីវកម្មរបស់ខ្លួន ដោយរំភើយដាក់ចតឡានធ្វើអាជីវកម្មជួសជុលឡាន និងជាចំណតបេនឡាននៅមុខហាងផឹកស៊ី ហាងគុយទាវ កាហ្វេ យ៉ាងអាណាធិបតេយ្យ គ្មានសណ្ដាប់ធ្នាប់សោះ ពោលគឺផ្លូវសាធារណៈ ក្លាយជាចំណតឡានទៅវិញ។
ប្រជាជនដែលធ្វើដំណើរចេញចូលតាមផ្លូវខាងលើនេះ មានការមិនសប្បាយចិត្តចំពោះបញ្ហានេះ និងបាននិយាយរិះគន់យ៉ាងធ្ងន់ៗ ដល់ក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌចំការមនថាមិនយកចិត្តទុកដាក់ លើការរៀបចំសណ្តាប់ធ្នាប់នេះ ដោយមើលរំលង។ អាជ្ញាធរខណ្ឌគ្មានវិធានការសោះ ដោយទុកបណ្ដែតបណ្ដោយឲ្យឡានចត ព្រោងព្រាតដូចនេះ មើលតែកន្លែងបេន ឬចំណតឡានអស់ទៅហើយ។
ប្រជាជនទូទៅ ពិសេសអ្នកដំណើរ និយាយថា ខណ្ឌចំការមននាសព្វថ្ងៃនេះ គឺមិនត្រឹមតែផ្លូវខាងលើទាំងអស់នោះទេ គឺស្ទើរគ្រប់ផ្លូវទាំងអស់ ត្រូវគេយកមកធ្វើអាជីវកម្ម ក្នុងការឈប់ចតតាមបណ្ដាមុខហាងលក់ដូរនានា របស់ខ្លួន ដោយចតឡាន ឬម៉ូតូ យ៉ាងអាណាធិបតេយ្យ តែក្រុមអាជ្ញាធរចំការមន ហាក់ដូចជាងាប់ត្រគាកស្ដូក តែម្ដង មិនខ្ចីចាត់ការសោះ ព្រោះជាឆ្នាំងបាយ ឬជាម៉ូយរបស់ខ្លួន សើមមាត់រាល់ថ្ងៃខែ។ ប្រជាជនបាននិយាយរិះគន់ថាពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញកម្លាំងអាជ្ញាធរចំការមន ដាក់កម្លាំងប្រជាការពារខណ្ឌ យ៉ាងព្រោងព្រាត ចុះធ្វើសណ្ដាប់ធ្នាប់ជាហូរហែរដែរ តាមដងផ្លូវ ឬដងមហាវិថីសំខាន់ៗ តែនៅតាមដងផ្លូវនានាជាច្រើនខ្សែទៀត មិនខ្ចីចុះធ្វើសោះពុំដឹងមូលហេតុអ្វីនោះទេ? ពាក់ព័ន្ធករណីនេះ មិនអាចសុំការបំភ្លឺពីលោកអភិបាលខណ្ឌបាននោះទេ។
មូលហេតុដែលក្រុមអាជ្ញាធរចំការមនមិនខ្ចីចុះធ្វើសណ្ដាប់ធ្នាប់ស្ទើរគ្រប់ផ្លូវក្នុងមូលដ្ឋានរបស់ខ្លួននោះព្រោះជាម៉ូយឬជាឆ្នាំងបាយរបស់ពួកគេ៕ ដោយ៖បញ្ញាស័ក្តិ