ខេត្តព្រះសីហនុ៖សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន នៃស្នងការរដ្ឋាននគរបាល ខេត្តព្រះសីហនុ បានបង្កើនសកម្មភាពចុះស្រាវជ្រាវមុខសញ្ញាបទល្មើសគ្រឿងញៀន ទាំងនៅក្នុងទីប្រជុំជន រហូតដល់ជនបទ ដើម្បីឈានទៅបង្ក្រាបមុខសញ្ញាចែកចាយ និងលក់គ្រឿងញៀន ឲ្យថយចុះ ដើម្បីផ្តល់សេចក្តីសុខ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ ឲ្យស្របតាមការចង្អុលបង្ហាញ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ។
លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរង ទទួលផែនប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តព្រះ សីហនុ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា កម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញាគ្រឿងញៀនចំនួន ៤នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនេះ ចាត់ការតាមនីតិវិធី។
លោកបន្តថា សកម្មភាពចុះបង្ក្រាបមុខសញ្ញាគ្រឿងនេះ ដឹកនាំដោយ លោកអនុសេនីយ៍ឯក តាក រៀម អធិការរងក្រុងព្រះសីហនុ ទទួលការងារប្រឆាំងគ្រឿងញៀន មានទីតាំងនៅក្រុម១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដោយបង្ក្រាបបាន ១ករណី និងឃាត់ខ្លួន ជនសង្ស័យ ៤នាក់។
អធិការរងក្រុងព្រះសីហនុ លោកអនុសេនីយ៍ឯក តាក រៀម បានបង្ហាញឈ្មោះជនសង្ស័យទាំង ៤នាក់នោះ រួមមាន៖ ឈ្មោះ ណុប មករា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរសន្តិសុខ CSP ចាប់បាន ថ្នាំញៀនមេតំហ្វេតាមីន ១កញ្ចប់ ទូរស័ព្ទ១ គ្រឿង។ ឈ្មោះ តេង ហាក់ហេង ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកម្មករសំណង់។ ឈ្មោះ អាន់ ធិ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និង ឈ្មោះ ដួង លក្ខ័ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។
លោក តាក រៀម បញ្ជាក់ថា សកម្មភាពចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចចាប់បានវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥កញ្ចប់។ លោកថា បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សត្យា