ព្រះវិហារ ៖ នៅខេត្តព្រះវិហារយ៉ាងហោចណាស់ក៏មានអតិថិជនជិត ៤ម៉ឺននាក់ដែរ ដែលទទួលបានសេវាមីក្រូហិរញ្ញវត្ថុពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ កំពុងដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងខេត្តជាប់ព្រំដែនមួយនេះ។
តួលេខឥណទាននេះត្រូវបានលោក ដុស ឌីន តំណាងក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ឲ្យដឹងនៅក្នុងឱកាសដែលលោកចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីផ្សព្វផ្សាយជូនអ្នកពាក់ពន្ធ័នៅក្រុងព្រះវិហារ ខេត្តព្រះវិហារនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

លោក ដុស ឌីនបានឲ្យដឹងទៀតថា÷តាមរបាយការណ៍ស្ថានភាពប្រាក់កម្ចីនៅកម្ពុជាឆ្នាំ២០២១ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថានៅខេត្តព្រះវិហារមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ កំពុងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់អតិថិជននៅក្នុងខេត្តព្រះវិហារ ចំនួន ៣៩.៩៩៨ នាក់ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណ ១៣៦ លានដុល្លារ។ ចំណែកឯអតិថិជនប្រាក់បញ្ញើមានចំនួនប្រមាណ ៥៩.៦៩៤ នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបចំនួន៧ លានដុល្លារអាមេរិក។ហើយចំពោះមុខនេះគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងអស់ ក៏បានដាក់ទិសដៅរួមមួយ ស្រាប់អតិថិជនរបស់ឲ្យខ្លួនទទួលបានជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដោយប្រកាន់យកនូវគោលការណ៍រួមគឺ «ភាពជោគជ័យរបស់អតិថិជន ទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន»។
ថ្លែងនៅក្នុងសិក្ខាសាលានោះលោក ម៉ែន ភក្ដី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ក្នុងមោទនភាពថា÷បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១កន្លងទោះកម្ពុជាបានជួបបញ្ហាជាសលកនៃការរីករាយដាលពីជម្ងឺកូវីដ១៩ក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅរក្សាតួនាទីដ៏សំខាន់របស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់បំផុតដើម្បី ចំណែកស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ជារួមនៅបំណាច់ឆ្នាំ២០២១កន្លងទៅនេះទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទដែលបានប្រតិបត្តិការមានប្រមាណ ៣៧,៣០ ទ្រីលានរៀល (ស្មើនឹង ៩,១៦ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣១,៩៦ ទ្រីលានរៀល (ស្មើនឹង ៧,៨៤ ប៊ីលានដុល្លារអាមេរិក) ត្រូវបានផ្តល់ដល់អតិថិជនជាង ១,៩៧ លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង ២,៥៧ លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបប្រមាណ ១៦,៨៤ ទ្រីលានរៀល (ស្មើនឹង ៤,១៣ ប៊ីលានដុល្លារអាមេរិក)។

លោកប្រធាននាយកដ្ឋានបានចាត់លទ្ធផលដែលសម្រេចបាននេះ ថាបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្រោមការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលពិសេសសម្ដេចតេជោហ៊ុនសែននាយករដ្ឋាមន្ត្រីនិងការចូលរួមសហការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
លោក បានឲ្យដឹងទៀតថា÷ ចំពោះមុខនេះបន្ថែមពីតួនាទីជាសារវ័ន្តរបស់ខ្លួននោះវិស័យមីក្រូហិរញ្ញវត្ថុ ក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាថែមទៀតផង តាមរយៈការកាត់បន្ថយគម្លាតនៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការរវាងប្រជាជនក្នុងទីប្រជុំជននិងទីជនបទ ដើម្បីឲ្យមានលទ្ធភាពបំពេញតម្រូវការសេវាហិរញ្ញវត្ថុទាន់ពេលវេលា មានតម្លៃសមរម្យ និង មានកិច្ចគាំពារតាមផ្លូវច្បាប់ ចំពោះប្រជាជននៅតាមតំបន់ដាច់ស្រយាលដែលពុំមានប្រតិបត្តិការធនាគារទៅដល់។
ប៉ុន្តែទោះបីវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកការរីកចម្រើនពិតមែនតែ វិស័យនេះក៏នៅមានការប្រឈមមុខនឹងបញ្ហាចម្បងៗ មួយចំនួនដែរចាំបាច់ត្រូវយកចិត្តទុកដាក់ដូចជាការផ្ដល់ចំណេះដឹងដល់ប្រជាជនជាអ្នកប្រើប្រាស់ប្រាក់កម្ចី_ការជម្រុញឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធការបន្តជួយផ្សព្វផ្សាយនិងអប់រំប្រជាជនឲ្យខ្ចីប្រាក់តែពីគ្រឹះស្ថានស្របច្បាប់ព្រមទាំង ប្រើប្រាស់ប្រាក់កម្ចីនោះឲ្យចំគោលដៅនិងគោរពតាមកាតព្វកិច្ចសង។ ហើយតាមរយៈសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»នាពេលនេះលោក ម៉ែន ភក្ដីបានសង្ឃឹមថា÷ នឹងជួយឲ្យប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចីទាំងអស់រួចផុតពីការរងគ្រោះនៃការជាប់បំណុលលើសលុប និងពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័ទៀតផង។
សូមបញ្ជាក់ជូនថា÷សិក្ខាសាលាដែលរៀបចំឡើងនេះមានគោលបំណងដើម្បីផ្សព្វផ្សាយអំពី សារៈសំខាន់និងផលប្រយោជន៍នៃវិស័យមីក្រូហិរញ្ញវត្ថុ និងប្រាក់រៀល ដែលជារូបិយវត្ថុជាតិ_ តួនាទីភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា និងចំណេះដឹងនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ _កាតព្វកិច្ចនិងការទទួលខុសត្រូវរបស់អាជ្ញារមូលដ្ឋាន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ការផ្តល់ជាវេទិការសាធារៈជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការលើកឡើងជាសំណួរ និងសំណូមពរពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕









