ខេត្តកោះកុង៖ បច្ចុប្បន្នកម្ពុជា មានតំបន់ការពារធម្មជាតិចំនួនច្រើនជាង ៦៩កន្លែង ចែក ចេញ ជា៨ប្រភេទ និងចំនួនរបៀង អភិរក្សជីវៈចម្រុះចំនួន៣តំបន់ គ្របដណ្ដប់ លើផ្ទៃដីប្រមាណជា ៧,៥លាន ហិកតា (៤១%នៃផ្ទៃដីប្រទេស)ស្ថិតនៅក្រោមដែនយុត្ថាធិការ របស់ ក្រសួងបរិស្ថាន ដែលមាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ និងអគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន ជាសេនាធិការ។

ជាមួយគ្នានេះដែរ កម្ពុជាមាន ជនជាតិដើមភាគតិចចំនួន ប្រមាណជា ២៤ក្រុម រស់នៅក្នុង និងក្រៅតំបន់ការពារធម្មជាតិ នៃ បណ្តាខេត្តស្ថិតនៅភាគឥសាន្ត បណ្តាខេត្តស្ថិតនៅជុំវិញបឹងទន្លេសាប បណ្តាខេត្តភាគខាងជើងបឹងទន្លេសាប និងបណ្តាខេត្តស្ថិតនៅឧទ្យានជាតិជួរភ្នំក្រវាញ ដោយប្រកាន់ យកវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និងភាសា ផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។ មុខរបរ សំខាន់ៗរួមមាន ការធ្វើស្រែ/ចំការ (កសិកម្មពេនេចរ) ការចិញ្ចឹមសត្វ ការនេសាទ និងការប្រមូល អនុផល ព្រៃឈើ ជាដើម។ ពួកគាត់បានរក្សានូវប្រពៃណី ទំនៀមទម្លាប់ក្នុងការប្រើប្រាស់ដីធ្លី ជនជាតិ ដើមភាគតិច រហូត មកទល់សព្វថ្ងៃនេះ ដែលដីព្រៃទាំងនោះ រួមមាន ដីលំនៅឋាន ដីធ្វើកសិកម្មតាម បែប ប្រពៃណី ឬដីដាំដុះជាក់ស្តែង ដីបម្រុងចំាបាច់ ក្នុងការដូរវេណដំណាំ ដីព្រៃអារក្ស និងដីព្រៃកប់ខ្មោច ដោយផ្អែក តាម មាត្រា ២៥ នៃច្បាប់ ភូមិបាល។
ដើម្បីធានាសុវត្ថិភាពផ្នែកសង្គម និងជនជាតិដើមភាគតិច ជាពិសេសបញ្ចៀសផលប៉ះពាល់ មកលើសហគមន៍ជនជាតិដើមភាគតិច ពីដំណើរការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង គម្រោងនិរន្ដរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា (CSLEP) បានចុះសិក្សា ប្រមូលព័ត៌មាន និងកំណត់ទីតាំង តំបន់អភិរក្សបេតិកភណ្ឌ វប្បធម៌-ធម្មជាតិរបស់ ជនជាតិដើមភាគតិច ”ជង” រស់ នៅក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញខាងកណ្ដាល។
លោក សូផា សុគន្ធណារុង្គ ជនបង្គោលថ្នាក់ជាតិទទួល បន្ទុកជន ជាតិ ដើមភាគ តិច នៃ គម្រោង CSLEP បានបញ្ជាក់ឲ្យដឹងដែរថា ដំណើរការចុះ សិក្សារបស់គម្រោងនៅពេលនេះ ក្នុងគោលបំណង ពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្ស បេតិកភណ្ឌ វប្បធម៌-ធម្មជាតិ របស់សហគមន៍ជនជាតិដើម ភាគតិច”ជង” លើកកម្ពស់ការចូលរួម របស់ជនជាតិដើមភាគតិច”ជង” ក្នុងដំណើរការរៀបចំ និងអនុវត្តសកម្មភាព គម្រោង ជាពិសេស ស្វែងរកឱកាសសម្រាប់ការបង្កើនប្រាក់ចំណូលពីសេវាកម្មទេសចរណ៍ក្នុងតំបន់។
លោក សូផា សុគន្ធណារុង្គ ក៏បានបន្ថែមថា ការសិក្សានេះគឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់ក្នុងការចូលរួមថែរក្សា និងអភិរក្ស ប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ របស់ជនជាតិដើមភាគតិច”ជង” ដែលតំបន់អភិរក្ស បេតិកភណ្ឌ វប្បធម៌-ធម្មជាតិនេះរួមមាន តំបន់ដីព្រៃអារក្ស តំបន់ទីសក្ការៈគោរពបូជា តំបន់ទីតាំងបូរាណស្ថាន និងតំបន់ព្រៃកប់ខ្មោច ដែលការងារនេះស្ថិតក្នុងផ្នែកមួយ នៃអនុសមាសភាគ ៤.៤ ស្ដីពី ”ប្រព័ន្ធធានាសុវត្ថិភាព បរិស្ថាន និងសង្គម” របស់គម្រោង។

ជាក់ស្ដែងក្រុមការងារសុវត្ថិភាពសង្គម និងជនជាតិដើមភាគតិច នៃគម្រោងនិរន្តរភាពតំបន់ ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP) សហការជាមួយនាយកដ្ឋាន តំបន់បេតិកភណ្ឌ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ប្រមូលទិន្នន័យ កំណត់ ទីតាំង និងផលិតផែនទីទីតាំងតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិ-វប្បធម៌ របស់ជនជាតិ ដើម ភាគតិច ”ជង” ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
កិច្ចប្រជុំមានការចូលរួមពីតំណាងនាយកដ្ឋានអភិរក្សតំបន់ដីគោកខាងត្បូងបឹងទន្លសាប នាយកដ្ឋាន សេវាកម្មព័ត៌មានភូមិសាស្ត្រ នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងមន្ទីរបរិស្ថាន ខេត្តកោះកុង មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ក្រុមប្រឹក្សាឃុំថ្មដូនពៅ និងជនជាតិដើមភាគតិចជងនៅភូមិព្រែកស្វាយ និងភូមិកោះ សរុបមានចំនួនប្រមាណ៤០នាក់។
ជាលទ្ធផលបានមកពីកិច្ច ប្រជុំ ក្រុមការងារបានកំណត់ទីតាំងតំបន់បេតិកភណ្ឌវប្បធម៌-ធម្មជាតិ នៅក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលក្នុងនោះរួមមាន៖ តំបន់ព្រៃអារក្ស ចំនួនបីទីតាំង ដែលមានឈ្មោះ ព្រៃអារក្ស អន្លង់ សំរាំ (ជាភាសាជនជាតិមានន័យថាអន្លង់ត្រី) ព្រៃអារក្សកោះអ្នកតា និងព្រៃអារក្សអ្នកតាព្រះចៅ មានទំហំសរុប ប្រមាណ ៣០៣ហ.ត និងទីតាំងដីព្រៃកប់ ខ្មោចដែលមានពីរទីតាំង មានទំហំសរុបប្រមាណ៤ហ.ត៕















