ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ បានចេញសារលិខិតក្នុងឱកាសអបអរទិវាសេរីភាពសារព័ត៌មាន ពិភពលោក ៣ឧសភា ឆ្នាំ ២០២២។ក្លិបអ្នកកាសែតកម្ពុជា នឹងបន្តបេសកកម្មបណ្តុះបណ្តាល អ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីចូលរួមចំណែក ក្នុងការពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានក៏ ដូចជាពង្រឹងសេរីភាពសារព័ត៌មាននៅកម្ពុជា ប្រកបដោយការទទួលខុសត្រូវ។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សង្កេតឃើញថា រយៈពេលមួយឆ្នាំចុងក្រោយនេះ អ្នកសារព័ត៌មានទាំងអស់បានខិតខំបំពេញការងារយ៉ាងសកម្ម និងបានបំពេញតួនាទីយ៉ាងល្អក្នុងការផ្តល់ ព័ត៌មានជូនប្រជាពលរដ្ឋទោះជាវិបត្តិកូវីដ ១៩ បានធ្វើឲ្យការងាររបស់ពួកគេជួបការលំបាកយ៉ាងខ្លាំង ក៏ដោយ អ្នកសារព័ត៌មាននៅតែអាចដើរតួនាទីក្នុងការផ្ដល់ព័ត៌មានពិតជូនប្រជាពលរដ្ឋអំពីជំងឺកូវីដ ១៩, ការចាក់វ៉ាក់សាំង និងបញ្ហាសង្គម សេដ្ឋកិច្ចជាច្រើនទៀតដោយពួកគេបានពុះពារគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ វិបត្តិកូវីដ១៩ ក៏បានផ្ដល់មេរៀននិងបទពិសោធថ្មីៗ ជាច្រើនដល់អ្នកសារព័ត៌មានក្នុងការបំពេញការងារក្នុងស្ថានភាពលំបាក ដែលពួកគេមិនធ្លាប់បានជួប ប្រទះកាលពីមុន ក្លិបអ្នកកាសែតកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារ ព័ត៌មានក្នុងដំណាក់កាលដ៏លំបាកនេះ។
ទន្ទឹមនឹងនោះ ការរីកលូតលាស់នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក៏ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការជំរុញវិស័យសារព័ត៌មាន ឲ្យមានការប្រែប្រួលគួរឲ្យកត់សម្គាល់ដែរ។ អ្នកសារព័ត៌មានមួយចំនួន ដែលពីមុនមិនចេះប្រើឬមិនស្ទាត់ក្នុងការប្រើកុំព្យូទ័រឬទូរស័ព្ទស្មាតហ្វូន ដើម្បីបម្រើឲ្យការងាររបស់ខ្លួន បានខិតខំអភិវឌ្ឍន៍ខ្លួនយ៉ាងលឿនរហ័សរហូតអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបទាំងអស់នេះ បានគ្រប់ៗគ្នាដើម្បីសម្រួលការទទួល និងការផ្សាយព័ត៌មានបានឆាប់រហ័សជាងមុន។ ចំណែកឯសារ ព័ត៌មានបែបប្រពៃណី ( កាសែតបោះពុម្ព វិទ្យុ និងទូរទស្សន៍) ក៏បានខិតខំផ្សារភ្ជាប់ការងាររបស់ខ្លួន ទៅនឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីរត់ឲ្យទាន់ការវិវឌ្ឍន៍យ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាសម័យទំនើ ប។ បើទោះបីជាកាសែតមួយចំនួនបានបញ្ឈប់ការបោះពុម្ព ក៏សារព័ត៌មានទាំងនោះនៅតែអាចបន្តការ ផ្សាយបានតាមរយៈ Digital Platform របស់ខ្លួនដដែល។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ពោលគឺចន្លោះពីថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២១ ដល់ថ្ងៃ ទី ៣ ខែ ឧសភា ឆ្នាំ ២០២២ ក្លិបអ្នកកាសែតកម្ពុជាក៏បានកត់ត្រាបញ្ហាដែលបានកើតឡើងចំពោះអ្នក សារព័ត៌មាន ដែលមានដូចខាងក្រោម៖
១/ ពាក្យបណ្តឹងប្រឆាំងអ្នកសារព័ត៌មាន៖ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មានពាក្យបណ្តឹងសរុប៥ ករណីដែល សុទ្ធសឹងតែពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មានហើយបើប្រៀបធៀបទៅនឹងឆ្នាំមុនចំនួនពាក្យបណ្តឹងមានការថយចុះ១ករណី ។ គួរកត់សម្គាល់ថា ក្នុងចំណោមពាក្យបណ្តឹងខាងលើគឺមានបណ្តឹងចំនួន៤ ត្រូវបានក្រសួងព័ត៌មាននិងក្លិបអ្នកកាសែតកម្ពុជា សហការសម្របសម្រួលដោះស្រាយបញ្ចប់រួចរាល់។ ចំណែកបណ្ដឹង១ករណីទៀតកំពុងស្ថិតក្នុងដៃតុលាការនៅឡើយ។
២/ ការឃាត់ខ្លួន-ចាប់ខ្លួន៖ ការឃាត់ខ្លួននិងចាប់ខ្លួនអ្នកសារព័ត៌មានក្នុងរយៈពេលមួយឆ្នាំនេះ មានចំនួន៣៣នាក់។ ចំនួននេះបើប្រៀបធៀបឆ្នាំមុនមានការកើនឡើងចំនួន៨នាក់ ក្នុងនោះ មាន៣នាក់ត្រូវបានឃាត់ខ្លួនពេលកំពុង Live ក្នុង តំបន់ហាមឃាត់។ ចំណែកការចាប់ខ្លួនដោយបទល្មើសផ្សេងៗទៀតមានចំនួន២នាក់ គឺបទកាន់កាប់អាវុធកែច្នៃដោយខុស ច្បាប់និងការចែកចាយគ្រឿងញៀន អ្នកសារព័ត៌មាន៣០នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនពីបទកំហែងយកឬជំរិតទារ ប្រាក់។ យ៉ាងណាក៏ដោយ អ្នកសារព័ត៌មានស្ទើរតែទាំងអស់ត្រូវបានដោះលែងវិញក្រោយឃាត់ខ្លួនរយៈពេលខ្លី បន្ទាប់ពី មានការសម្របសម្រួលនិងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច។
៣/ ការប៉ះទង្គិចជាមួយអាជ្ញាធរមានសមត្ថកិច្ចពេលចុះបំពេញការងារ៖ មានអ្នកសារព័ត៌មានមួយចំនួនបានប៉ះទង្គិចជា មួយសមត្ថកិច្ចកំឡុងពេលចុះអនុវត្តន៍ច្បាប់ ឬរៀបចំសណ្តាប់ធ្នាប់សន្តិសុខសាធារណៈ នៅពេលពួកគេចុះយកព័ត៌មាន ដូច ជាករណីការចុះយកព័ត៌មានក្នុងកំឡុងពេល ដែលសមត្ថកិច្ចចុះរៀបចំសណ្តាប់ធ្នាប់នៃការតវ៉ារបស់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើល និងក្នុងកំឡុងពេលរឹតបន្តឹងវិធានការសុខាភិបាលនៅពេលកូវីដ១៩ ផ្ទុះខ្លាំងកាលពីពេលកន្លងទៅជាដើម។ ទោះយ៉ាងណាការប៉ះទង្គិចគ្នានេះមិនបង្កបញ្ហាធ្ងន់ធ្ងរទេ។
៤/ ការផ្អាកអាជ្ញាប័ណ្ណ៖ ក្រសួងព័ត៌មានសម្រេចផ្អាកអាជ្ញាបណ្ណ័សារព័ត៌មានចំនួន៥ ក្រោមហេតុផលផ្សព្វផ្សាយព័ត៌ មានបំពានលើក្រមសីលធម៌វិជ្ជាជីវៈ ផ្ទុយពីកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ទោះយ៉ាង ណា ស្ថាបន័សារព័ត៌មានមួយត្រូវបានក្រសួងអនុញ្ញាតឲ្យដំណើរការផ្សព្វផ្សាយឡើងវិញបន្ទាប់ពីមានការសម្របសម្រួល។
បន្ទាប់ពីសិក្សាទៅលើបញ្ហាទាំងឡាយដែលកើតឡើង ក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា រាល់បញ្ហាដែលបាន កើតឡើងគឺមួយផ្នែកបណ្តាលមកពីកំហុសវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយផ្នែកទៀតមកពីអាជ្ញាធរមានសមត្ថកិច្ចមួយ ចំនួនតូចដែលមិនយល់ច្បាស់ពីការងាររបស់អ្នកសារព័ត៌មាន ហើយបានចាត់វិធានការលើសលស់មកលើអ្នកសារព័ត៌មាន ខណៈដែលសមត្ថកិច្ចជាច្រើនទៀតបានយល់និងបានផ្ដល់កិច្ចសហការយ៉ាងល្អជាមួយអ្នកសារព័ត៌មាន។ ចំណែកប មួយផ្នែកទៀតបណ្តាលមកពីចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលមិនអនុលោមតាមច្បាប់ស្តីពីរបបសារ ព័ត៌មាន។
ដូច្នេះ ដើម្បីធានាឲ្យការអនុវត្តសេរីភាពសារព័ត៌មានប្រព្រឹត្តទៅដោយរលូននិងបានជាប្រយោជន៍ដល់សាធារណ ជននិងសង្គម ក្លិបអ្នកកាសែតកម្ពុជាសូមអំពាវនាវសារជាថ្មីដល់អ្នកសារព័ត៌មានទាំងអស់សូមគោរពឲ្យបានត្រឹមត្រូវនូវក្រម សីលធម៌វិជ្ជាជីវៈដើម្បីរក្សាតម្លៃ និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន ក៏ដូចជាបង្កើតបាននូវជំនឿចិត្តរបស់មហាជនមកលើ សារព័ត៌មាន។
ដោយយល់ឃើញថា ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈនៅតែជាសេចក្តីត្រូវការចាំបាច់ ក្លិបអ្នកកាសែតកម្ពុជាទើបតែ បានធ្វើបច្ចុប្បន្នភាពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយបំពេញបន្ថែមចំណុចមួយចំនួនសម្រាប់ជាជំនួយស្មារតីដល់ សមាជិកសមាជិការបស់ក្លិបក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ក្នុងពេលអនុវត្តការងារ។ ទន្ទឹមនឹងនោះ ក្លិបអ្នកកាសែតកម្ពុជា នឹងបន្តបេសកកម្មបណ្តុះបណ្តាលអ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានក៏ ដូចជាពង្រឹងសេរីភាពសារព័ត៌មាននៅកម្ពុជាប្រកបដោយការទទួលខុសត្រូវ។
ក្លិបអ្នកកាសែតកម្ពុជា ក៏សូមអំពាវនាវដោយទទូចដល់អាជ្ញាធរមានសមត្ថកិច្ចមួយចំនួនតូចដូចបានលើកឡើងខាង លើសូមចាត់ទុកអ្នកសារព័ត៌មានជាដៃគូ និងផ្តល់កិច្ចសហការបន្ថែមទៀតជាមួយអ្នកសារព័ត៌មានដើម្បីបើកលំហនៃការ ទទួលនិងការផ្ដល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណី ដែលមានពាក្យបណ្ដឹងពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន សូមភាគីពាក់ព័ន្ធក៏ដូចជាស្ថាប័នអនុវត្តច្បាប់ប្រើប្រាស់ច្បាប់ស្តីពី របបសារព័ត៌មានដើម្បីដំណើរការនីតិវិធីនៃពាក្យបណ្ដឹងប្រឆាំងអ្នកសារព័ត៌មាន។
ក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា មានតែការអនុវត្តតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវរៀងៗខ្លួន បូកផ្សំនឹងការ យោគយល់គ្នា និងការគោរពផ្តល់តម្លៃគ្នាទៅវិញទៅមករវាងអ្នកសារព័ត៌មាននិងភាគីពាក់ព័ន្ធទាំងអស់ទេទើបអាចធានាបាន នូវផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋនិងសង្គម ក៏ដូចជាការបញ្ចៀសបាននូវរាល់បញ្ហាដែលតែងកើតឡើង។
ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី ៣ ឧសភា ២០២២ នេះ ក្លិបអ្នកកាសែតកម្ពុជា សូមចូល រួមយ៉ាងសកម្មក្លៀវក្លាជាមួយរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន អង្គការយូណេស្កូ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ដើម្បីអបអរ សាទរទិវាដ៏មានអត្ថន័យនេះក្នុងន័យគាំទ្រនិងលើកស្ទួយវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាសេរីភាពសារព័ត៌មាននៅកម្ពុជាឲ្យ កាន់តែរឹងមាំថែមទៀត។ ក្លិបអ្នកកាសែតកម្ពុជា សូមប្រសិទ្ធពរជ័យដល់អ្នកសារព័ត៌មានទាំងអស់ដែលកំពុងប្រកបវិជ្ជាជីវៈ នៅកម្ពុជា សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងអាជីព ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


