ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ឧសភានេះថា ប្រតិបត្តិការណ៍ថ្ងៃទី១ កម្លាំងអាជ្ញាធរចម្រុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង ( Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទង(អាយឌីកាន់ដៃ)ប្រើប្រាស់បែបអាណាធិបតេយ្យបានប្រមាណ៥០០០គ្រឿង ត្រូវបិទបញ្ចប់ ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្ថែមឲ្យដឹងថា កម្លាំងចម្រុះដឹកនាំដោយតំណាងអយ្យការ និយ័តករទូរគមនាគមន៍កម្ពុជា នាយកដ្ឋានវិទ្យុទាក់ទង បានសម្រេចគោលដៅប្រកបដោយផ្លែផ្កាដែលស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើន បានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងចំនួនតិចតួចត្រូវបានចាប់បង្ខំរុះរើទម្លាក់។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសន្យាថានឹងបន្តធ្វើរហូតប្រាកដថា ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ត្រូវបន្តសំអាតទូទាំងប្រទេសតែម្តង ។
លោកប្រធានាយកដ្ឋានវិទ្យុទាក់ទង ក៏បានសំណូមពរឲ្យម្ចាស់ដែល មានស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយ ត្រូវទម្លាក់ចុះដោយខ្លួនឯង ជាជាងការបង្ខិតបង្ខំ ដែលការអនុវត្តនាពេលក្រោយៗអាចនឹងបញ្ជូនសំណុំរឿងទៅតុលាការ ដោយមិនធ្វើការអប់រំដូចពេលនេះឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


