Thursday, February 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ ជាទីសក្ការៈ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ អំពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដាឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ អំពីស្ថានភាពខូចខាតនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥ ដូចខាងក្រោម៖
ការកត់ត្រាចងក្រងពីការខូចខាតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាត ប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ សហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន៦០កន្លែង រួមមានផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។

ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាត ធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការខូចខាតទាំងនេះគឺបណ្តាលមកពីការផ្លោងគ្រាប់ធុនធ្ងន់ម្ដងហើយម្ដងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើកនិងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។
ជាមួយគ្នានេះ សកម្មភាពអភិរក្ស ជួសជុលប្រចាំថ្ងៃត្រូវបានរាំងស្ទះ រីឯហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យការងារ អភិរក្ស ជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្តរជាតិ ក៏ត្រូវទទួលរងការខូចខាតទាំងស្រុង ដូចជា៖
គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង (កិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក)៖ ទាំងផ្នែកដើមរបស់ជណ្តើរដែលកាលពីមុនស្ថិតក្នុងស្ថានភាពល្អ និងផ្នែកទាំងឡាយដែលបានជួសជុលរួច រយៈពេលជិត១០ឆ្នាំមកនេះ បានទទួលរងការខូចខាតធ្ងន់ធ្ងរ ហើយអគារនិងសម្ភារអភិរក្សនិងជួសជុល ត្រូវទទួលរងការខូចខាតទាំងស្រុង។

គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ (កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា)៖ ហេដ្ឋារចនាសម្ព័ន្ធគោបុរៈទី៥ ទទួលរងការខូចខាតធ្ងន់ធ្ងរ អគារអភិរក្ស និងសម្ភារសម្រាប់ការជួសជុលប្រាសាទត្រូវបានបំផ្លាញទាំងស្រុង។ សំណង់ស្ថាបត្យកម្មគោបុរៈទី១ ទី២ និងទី៣ (កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន) ៖ ការខូចខាតទីតាំងនេះ
មានលក្ខណៈធ្ងន់ធ្ងរ និងផ្នែកជាច្រើនបានខូចខាតទម្រង់ដើមទាំងស្រុង ទាមទារឱ្យមានការសិក្សាលម្អិត លើការខូចខាតថ្មីៗ លក្ខណៈបច្ចេកទេស និងរៀបចំផែនការជួសជុលឡើងវិញ ដោយលទ្ធផលសិក្សា កន្លងមកមិនអាចយកមកប្រើប្រាស់បានទេ ដោយសារការខូចខាតថ្មីៗ។

ជារួម ការវាយប្រហារទាំងពីរលើករបស់យោធាថៃមកលើប្រាសាទព្រះវិហារ បានធ្វើឱ្យសំណង់ស្ថាបត្យកម្ម ដែលស្ថិតក្នុងស្ថានភាពទម្រង់ដើម ព្រមទាំងផ្នែកទាំងឡាយនៃប្រាសាទ និងរចនាសម្ព័ន្ធដែលបានជួសជុលឡើងវិញ សិលាចារឹក អគារអភិរក្ស និងបរិក្ខារបច្ចេកទេសនានាត្រូវបានបំផ្លាញ ឬខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបានរារាំងយ៉ាងខ្លាំង ដល់ដំណើរការខិតខំប្រឹងប្រែងអភិរក្សរបស់ស្ថាប័នជាតិ និងដៃគូអន្តរជាតិ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមចេញផ្សាយជាផ្លូវការនូវរបាយការណ៍ វាយតម្លៃការខូចខាត រួមទាំងឯកសារវីដេអូពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទាំងពីរលើកនេះ ចងក្រងដោយអាជ្ញាធរជាតិ ព្រះវិហារ ព្រមទាំងរបាយការណ៍សង្ខេបស្តីពីការបោសសម្អាត និងការពិនិត្យអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចងក្រង ដោយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជូនរបាយការណ៍វាយតម្លៃនេះជូនដល់អង្គការយូណេស្កូ គណៈកម្ម ធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍អន្តរជាតិ ដើម្បីជ្រាបជាព័ត៌មាន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏សូមអំពាវនាវដល់អង្គការ និងសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រដល់វិធានការបន្ទាន់ នានា សំដៅការពារប្រាសាទពីការវាយប្រហារបន្ថែម គាំទ្រដល់ការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀត និងជួសជុលស្តារប្រាសាទឡើងវិញ។
ជាមួយគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្តអំពាវនាវឱ្យមានការគោរពដល់ច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងពេលមានជម្លោះប្រដាប់អាវុធ និងពិធីសារទីពីរ ឆ្នាំ១៩៩៩ ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដែលសុទ្ធតែជាច្បាប់អន្តរជាតិដែលត្រូវបានបង្កើតឡើងសម្រាប់
ចងភ្ជាប់រដ្ឋភាគីទាំងអស់ឱ្យគោរព និងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសកល។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បាននឹងកំពុងបន្តស្រាវជ្រាវ ចងក្រងឯកសារលម្អិតស្តីពីការខូចខាត ព្រមទាំង ធ្វើទំនាក់ទំនងជាប់មិនដាច់ជាមួយស្ថាប័នជំនាញជាតិ-អន្តរជាតិ ដោយរួមទាំងទៅលើទិដ្ឋភាពបច្ចេកទេស ការទូត និងផ្លូវច្បាប់ សម្រាប់ភាពយុត្តិធម៌ ការការពារ និងការស្តារឡើងវិញនូវប្រាសាទព្រះវិហារជាទីសក្ការៈរបស់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×