ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពីវិធានការស្តីពីការទប់ស្កាត់នាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសជិតខាង។ ការចេញវិធានការនេះ បន្ទាប់ពីមានក្រុមឈ្មួញនាំសត្វជ្រូកពីប្រទេសវៀតណាមរាល់ថ្ងៃ ដូចហែរកឋិន ក្នុង១ថ្ងៃៗរាប់រយក្បាល គឺពី៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ចេញពីព្រំដែនក្រសាំងជ្រំ រួចផ្ទេរដាក់រថយន្ដឱ្យក្រុមឈ្មួញ។

ឯកឧត្តម ម៉ែន វិបុល បានថ្លែងថា កន្លងមកនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញថា មានអាជីវករមួយចំនួនបានលួចនាំចូល ដោយខុសច្បាប់នូវ សត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ចូលមកខេត្តស្វាយរៀង តាមច្រករបៀងមួយចំនួន ដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឱ្យ បានត្រឹមត្រូវ និងមួយផ្នែកធ្វើឱ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។
ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់បញ្ហាកើតមានអសកម្មខាងលើនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំឲ្យស្នងការនគរបាលខេត្ត វរនគរបាល/យោធាការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនត្រូវផ្តល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូល រួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ច ពាក់ព័ន្ធតាមបណ្តាច្រករបៀងខុសច្បាប់ ដើម្បីចូលរួមចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យជា ប្រចាំចំពោះការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍ និងសុំគោលការណ៍មករដ្ឋបាលខេត្ត និងចាត់វិធានការចំពោះជនល្មើសមក ផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា នាថ្មីៗនេះមានបណ្តាញសារព័ត៌មានបានសរសេរពីករណីមានឈ្មួញនាំសត្វជ្រូករស់ឆ្លងតាមសាឡាង ក្នុង១ថ្ងៃយ៉ាងតិចចាប់ពី៣០០ក្បាល ចូលខេត្តស្វាយរៀង និងខេត្តព្រៃវែង ទើបនៅថ្ងៃទី២ ខែឧសភានេះ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្តីពី វិធានការស្តីពីការទប់ស្កាត់នាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសជិតខាង ដោយខុសច្បាប់។

ក្រុមឈ្មួញនាំសត្វជ្រូកពីប្រទេសវៀតណាមរាល់ថ្ងៃ ដូចហែរកឋិន ក្នុង១ថ្ងៃៗរាប់រយក្បាល គឺពី៣០០ក្បាលទៅ៦០០ក្បាល ដឹកតាមរថយន្តសាំយ៉ុង ចេញពីព្រំដែនក្រសាំងជ្រំ រួចផ្ទេរដាក់រថយន្ដឱ្យក្រុមឈ្មួញ។ ដោយឡែកអាជ្ញាធរ សមត្ថកិច្ច ជំនាញពេទ្យសត្វ ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ស្ងាត់ស្ងៀមល្អណាស់ ។
ក្រុមឈ្មួញ បាននាំសត្វជ្រូករស់ ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែនចែកខេត្ត គឺភូមិក្រាំងលាវ ខេត្តព្រៃវែង និង ភូមិក្រសាំងជ្រំ ឃុំគ្រួស ខេត្តស្វាយរៀង ក្លាយទៅជាអាជីពរបស់ឈ្មួញទៅហើយ ដែលមិនមែនជាចំណូលពន្ធរបស់រដ្ឋ និងងាយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ខណៈមិនបានពិនិត្យសុខភាពសត្វ។
ករណីជាក់ស្តែងនៅល្ងាចថ្ងៃទី៣០ ខែមេសានេះ ឈ្មួញវៀតណាមបានសាងជ្រូករស់មួយជើងចំនួន៤០ក្បាលចេញពីរថយន្ត នៅព្រំដែនវៀតណាម លើកដាក់ទូកសាឡង់ឆ្លងព្រែកព្រំដែន ចូលមកស្រុកខ្មែរ រួចក្រុមឈ្មួញបានចាប់ជ្រូកចេញពីសាឡង់លើកដាក់លើរថយន្តសាំយ៉ុង ដែលចាំនៅព្រំដែនខ្មែរចំនួន៣គ្រឿង។ ខណៈដែលកំពុងលើកជ្រូកដាក់លើរថយន្តបានបួនប្រាំក្បាល ស្រាប់តែឃើញវត្តមានអ្នកសារព័ត៌មានទៅដល់ក៏នាំគ្នាបើករថយន្តគេចចេញពីកន្លែងសាងជ្រូក១គ្រឿង បើកចូលទៅឃុំក្រាំងលាវ ស្រុកកំពង់ត្របែក និង២គ្រឿងទៀតបើកគេចទៅក្រសាំងជ្រំ ឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ រថយន្តជាច្រើនគ្រឿងផ្សេងទៀត បានលើកជ្រូកដាក់នោះ បានបើកគេចទៅវិញចូលភូមិក្រាំងលាវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង តាមផ្លូវលំក្រវ៉ាត់ព្រំដែន។ ចំណុចឈ្មួញនាំជ្រូកវៀតណាមឆ្លងដែននោះ គឺស្ថិតចន្លោះភូមិចុងចាំង ឃុំហ៊ឹងហា និងភូមិហ៊ឹងប៊ីងបេ ឃុំប៊ីងបេ ស្រុកតាំងហ៊ឹង ខេត្តឡុងអាង ប្រទេសវៀតណាម ។ ការនាំចូលទឹកដីកម្ពុជា យ៉ាងសម្រុក ដោយសារមានអំពើពុករលួយ កើតឡើងជាលក្ខណៈប្រព័ន្ធទៅហើយ។ ចំណែកខាងដីកម្ពុជា ភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែកខេត្តព្រៃវែង ដឹកគេចតាមផ្លូវកៅស៊ូចូលមកភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ឡើងមកឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចផ្ទេររថយន្តនៅចំណុចកែងភូមិព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ឈ្មួញនាំជ្រូកម្នាក់ឈ្មោះ គង់ ជាទាហានដ៏ល្បីល្បាញខាងកាងជ្រូករស់ចូល មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ លក់បន្តឲ្យក្រុមហ៊ុនធំមួយចំនួននឹងតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្ដស្វាយរៀង ដោយអត់មានមន្ត្រីពេទ្យសត្វណាមួយត្រួតពិនិត្យសុខភាពសត្វទេ ដែលសង្ស័យការនាំសត្វជ្រូករស់ចូលតាមច្រកបែបនេះ គ្មានការពិនិត្យសុខភាព គ្មានការគ្រប់គ្រងឲ្យបានច្បាស់លាស់ ដោយសមត្ថកិច្ច អាជ្ញាធរ និងជំនាញពេទ្យសត្វ គឺជាបញ្ហាមួយ ងាយធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



