Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ថា ក្នុងស្រុកកោះធំ នឹងមានមន្ទីរពេទ្យតេជោសែនកោះធំ ថែទាំ និងព្យាបាលសុខភាព សហការជាមួយមន្ទីរពេទ្យកាល់ម៉ែត

spot_img

កណ្តាល ៖ អ្នកស្រុកកោះធំ ក៏ដូចជាអ្នកខេត្តកណ្ដាលទាំងមូល នឹងមានមន្ទីរពេទ្យថ្មីមួយទៀតសម្រាប់ថែទាំ និងព្យាបាលសុខភាពក្នុងពេលឆាប់ៗនេះ ព្រោះថា អគារមន្ទីរពេទ្យតេជោសែនកោះធំ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២នេះ សាងសង់បាន ៣៣.៥៨%ហើយ គ្រោងបញ្ចប់នៅឆ្នាំ២០២៣ មុនពិធីបុណ្យចូលឆ្នាំខ្មែរ។

នេះបើតាមការបញ្ជាក់ឲ្យដឹងរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក Dan Sellers ដោយមានការចូលរួមពី លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត និងក្រុមការងារនៃគណៈកម្មការទទួលបន្ទុកការងារសាងសង់អគារថ្មី នៃមន្ទីរពេទ្យ តេជោសែនកោះធំនេះ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា ជំនួបជាមួយក្រុមការងារថ្ងៃនេះ គឺយើងពិភាក្សាគ្នាអំពីគម្រោងបំពាក់បរិក្ខារវេជ្ជសាស្ត្រសម្រាប់ដំណើរការអគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ , ការធានានិរន្តរភាពថវិកាសម្រាប់កិច្ចដំណើរការ, ការបណ្តុះបណ្តាល បុគ្គលិកជំនាញក្រោមកិច្ចសហការពីមន្ទីរពេទ្យកាល់ម៉ែត, ការរៀបចំបណ្តាញផ្គត់ផ្គង់អគ្គិសនី, គម្រោងពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងតាមម៉ូដែលស្វយ័ត និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត សម្រាប់តម្រូវរបស់អគារមន្ទីរពេទ្យតេជោសែនកោះធំនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា បំណងប្រាថ្នារបស់យើង គឺចង់ឃើញអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំនេះ ត្រូវបានគ្រប់គ្រង និងធ្វើប្រតិបត្តិការតាមម៉ូដែលស្វ័យត ក្រោមកិច្ចសហការយ៉ាង ជិតស្និទ្ធជាមួយមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធានានិរន្តរភាព នៃដំណើរការមន្ទីរពេទ្យនេះប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកស្រុក កោះធំ និងប្រជាពលរដ្ឋមកពីតំបន់ជុំវិញស្រុកកោះធំ ក៏ដូចជាសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ។

សូមបញ្ជាក់ថា មន្ទីរពេទ្យនេះត្រូវសាងសង់អគារថ្មីចំនួន ០៣ខ្នង គឺ

១- អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ, ជាន់ទី១ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ, និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ។

២- អគារខាងឆ្វេង ចំនួន ០១ខ្នង មាន ០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មាន ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

៣- អគារ ខាងស្តាំ ចំនួន០១ខ្នង មាន ០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×