Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគមន៍មានជ័យស្នួលទ្រេត អំពាវនាវដល់ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ជួយផ្តល់កម្ចី ដើម្បីផលិតស្លឹកគ្រៃត្រៀមនាំចេញទៅក្រៅប្រទេស

បន្ទាយមានជ័យ ៖ អាណិតសហគមន៍មានជ័យស្នួលទ្រេត នៅខេត្តបន្ទាយមានជ័យ ណាស់ មានសមត្ថភាព និងគំនិតច្នៃប្រឌិតគ្របើគ្រាន់ តែខ្វះលទ្ធភាពប្រើប្រាស់ទុនវិនិយោគធ្វើឱ្យប្រឈមនឹងការផលិត, ពេលនេះកំពុងស្វែងរកដៃគូលើការកែច្នៃស្លឹកគ្រៃភ្លុកដំរីឱ្យមានស្តង់ដារ និងគុណភាព ដើម្បីចែកចាយក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ពិតមែនតែបច្ចុប្បន្ន កសិករក្នុងសហគមន៍មានជ័យស្នួលទ្រេត នៅខេត្តបន្ទាយមានជ័យ កំពុងជួបបញ្ហាប្រឈមនឹងការផលិតកែច្នៃ ស្លឹកគ្រៃភ្លុកដំរីដោយសារការខ្វះទុន, ប៉ុន្តែកសិករបានបង្ហាញយ៉ាងច្បាស់ថា ប្រសិនបើយើងកែច្នៃផលិតបានឱ្យត្រូវទៅតាមស្តង់ដារ និងការផលិតទាន់ពេលវេលា គឺភាគីថៃមានតម្រូវការច្រើន មិនកំណត់នោះទេ ប៉ុន្តែសហគមន៍ខ្វះដៃគូប្រើប្រាស់ទុនវិនិយោគដើម្បីផលិត, ដូច្នេះហើយ ទើបសហគមន៍ត្រូវការដៃគូសហការ និងគាំទ្រ មិនថា អង្គការជាតិ ឬអន្តរជាតិ, រាជរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជននោះទេ គឺត្រូវការដៃគូផ្តល់ទុន ឬកម្ចី ដល់សហគមន៍សម្រាប់បម្រើឱ្យការកែច្នៃផលិតផលស្លឹកគ្រៃប្រភេទនេះ។

នាពេលថ្មីៗនេះ លោក នាក់ ភា ប្រធានសហគមន៍មានជ័យស្នួលទ្រេត បានបង្ហាញថា សហគមន៍មានជ័យស្នួលទ្រេត ត្រូវការទុនយ៉ាងហោចណាស់ ក៏១០ម៉ឺនដុល្លារ ដែរ ដើម្បីទិញឧបករណ៍មួយចំនួនសម្រាប់ធ្វើការកែច្នៃ រួមមាន ទិញម៉ាស៊ីនសម្ងួតដើម្បីសម្ងួតស្លឹកគ្រៃផលិតអត់ទាន់ពេលវេលា, សព្វថ្ងៃយើងអត់មានលទ្ធភាពទេ យើងហាលស្លឹកគ្រៃប្រើពន្លឺថ្ងៃ យើងធ្វើអត់បានល្អ អត់ត្រូវស្តង់ដារគេទេ, មានផលលំបាកច្រើន អីចឹងឲ្យបានជាគេមិនទាន់បញ្ជាទិញពីយើង។

លោក នាក់ ភា បានឲ្យដឹងទៀតថា យូរៗទៅពលរដ្ឋយើងចង់បោះបង់ការផលិតនេះ ប៉ុន្តែសោកស្ដាយដោយសារប្រទេសថៃមានតម្រូវការខ្ពស់ គ្រាន់តែគេសំណូមពរឱ្យយើងផលិតកែច្នៃឱ្យត្រូវតាមស្តង់ដារបស់គេតែប៉ុណ្ណោះ គេនឹងបញ្ជាទិញមិនកំណត់បរិមាណ។ ទិសដៅទៅមុខទៀត យើងចង់រៀបចំយន្តការប្រមូលទិញផលស្លឹកគ្រៃ យកមកកែច្នៃជាស្លឹកគ្រៃក្រៀម សម្រាប់ធ្វើជាតែ និងប្រភេទផ្សេងៗទៀត ដែលមិនត្រឹមតែធ្វើការចែកចាយក្នុងស្រុកប៉ុណ្ណោះទេ គឺនាំចេញទៅទីផ្សារអន្តរជាតិផងដែរ, ពេលនេះយើងកំពុងតែស្វែងរកទីផ្សារថ្មីៗខាងអឺរ៉ុប និងចិន ថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ ជាឧបសគ្គរបស់សហគមន៍យើង គឺយើងកែច្នៃផលិតផលស្លឹកគ្រៃក្រៀម ដូច្នេះ យើងត្រូវការម៉ាស៊ីនសម្ងួត ម៉ាស៊ីនវេចខ្ចប់តែ, ត្រូវការម៉ាស៊ីនលាងសម្អាត, ទើបយើងធានាបាននូវដំណើរការជាប់លាប់ ហើយពេលនោះ នឹងគ្មានការរាំងស្ទះដំណើរការប្រមូលផលនោះទេ ព្រោះខាងភាគីថៃគេនៅសួរនាំយើងអំពីស្លឹកគ្រៃក្រៀមនេះនៅឡើយ ដើម្បីគេទិញនាំចេញទៅចិនបន្តទៀត។

គួរបញ្ជាក់ថា កន្លងទៅថ្មីនេះ ស្លឹកគ្រៃភ្លុកដំរី ត្រូវបាននាំចេញជាលើកដំបូង ទៅកាន់ប្រទេសកាណាដាចំនួន ២០តោន ហើយនៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនមួយទៀត គ្រោងនាំចេញក្នុងបរិមាណប្រហែល ២០តោនផងដែរទៅប្រទេសកាណាដា ខណៈទីផ្សារប្រទេសថៃត្រូវបានផ្អាកទិញផលិតផលនេះទាំងស្រុង ដោយសារការរីករាលដាលជំងឺកូវីដ-១៩ និងកសិករមិនអាចផលិតទាន់តាមការបញ្ជាទិញបាន ព្រោះការផលិតពឹងផ្អែកលើអាកាសធាតុ ទើបទីផ្សារថៃផ្អាកទិញសិន។

ជាមួយគ្នានេះ សហគមន៍មានជ័យស្នួលទ្រេត អំពាវនាវដល់ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម សូមជួយផ្តល់ភាពងាយស្រួលក្នុងការផ្តល់កម្ចីដល់សហគមន៍នេះផង ដើម្បីយកមកអភិវឌ្ឍន៍ការដាំដុះ និងការកែច្នៃស្លឹកគ្រៃភ្លុកដំរីឲ្យទៅជាស្លឹកគ្រៃក្រៀម ដើម្បីធ្វើការចែកចាយក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×