រដ្ឋមន្ត្រីការបរទេសអាមេរិច លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិចនឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ប្រសិនជារដ្ឋនេះយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនចោល។
រដ្ឋមន្រ្តីការបរទេសអាមេរិច Mike Pompeo
កាលពីថ្ងៃសុក្រម្សិលមិញនេះ លោក Mike Pompeo ដែលទើបនឹងត្រឡប់មកពីប្រទេសកូរ៉េខាងជើងវិញ បានថ្លែងប្រាប់អ្នកសារព៌តមានថា “អាមេរិចនឹងត្រៀមខ្លួនធ្វើការជាមួយនឹងប្រទេសកូរ៉េខាងជើង ដើម្បីសម្រេចបានភាពរីកចម្រើនរបស់កូរ៉េខាងជើង ឲ្យស្មើនឹងប្រទេសកូរ៉េខាងត្បូង។”
លោក បញ្ជាក់ថា “ប្រសិនជាលោកប្រធាន គីម (ជុងអ៊ុន) ជ្រើសរើសផ្លូវត្រូវ អនាគតរបស់ កូរ៉េខាងជើង នឹងពោរពេញ ទៅដោយសន្តិភាព និងភាពរីកចម្រើនដល់ប្រជាជនកូរ៉េខាងជើង”។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិចដដែលបានជំរុញឲ្យទីក្រុងព្យុងយ៉ាងមានវិធានការដ៏ក្លាហានជាបន្ទាន់ដើម្បីបំបាត់អាវុធនុយក្លេអ៊ែរចោល។
សូមបញ្ជាក់ថា ស្ថានភាពនៅឧបទ្វីបកូរ៉េ ហាក់មានភាពល្អប្រសើរឡើង ក្រោយពេលកូរ៉េខាងជើងបានប្តេជ្ញាចិត្តបោះបង់អាវុធប្រល័យលោករបស់ខ្លួនលោក និងបន្ទាប់ពីមានជំនួបកំពូលរវាងមេដឹកនាំកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន និង គីម ជុងអ៊ុនកាលពីពេលថ្មីៗនេះ។
ចំនែកជំនួបកំពូលរវាង មេដឹកនាំអាមេរិច ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែមិថុនាខាងមុខ នៅប្រទេសសិង្ហបុរី៕ សុភ័ក្ត្រ