ភ្នំពេញ ៖ ក្នុងវគ្គបណ្តុះបណ្តាល “ការវាយតម្លៃអចលនវត្ថុ” ឯកឧត្តមបណ្ឌិត កន សម្បត្តិ អគ្គនាយករងនៃ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា មន្ត្រីរាជការពន្ធដារកំពុងបម្រើការងារ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃ និងគណនារកនូវមូលដ្ឋានគិតពន្ធមានសុក្រឹតភាព ប្រសិទ្ធភាព។ ក្នុងការប្រមូលចំណូលពាក់ព័ន្ធ នឹងវិស័យអចលនទ្រព្យនេះ ជាទូទៅការវាយតម្លៃអចលនវត្ថុ បានត្រឹមត្រូវដើរតួនាទីសំខាន់ គឺសម្រាប់ម្ចាស់អចលនទ្រព្យ អាចប្រើប្រាស់អចលនទ្រព្យនោះ ក្នុងគោលដៅចូលរួមវិនិយោគ ឬយកទៅដាក់តម្កល់នៅធនាគារពាណិជ្ជ ដើម្បីស្នើសុំហិរញ្ញប្បទាន បានសមស្របតាមតម្លៃអចលនទ្រព្យ សម្រាប់យកទៅបង្កើតឬពង្រីកអាជីវកម្មរបស់ខ្លួន ឬអាចលក់អចលនទ្រព្យនោះបានតម្លៃសមស្រប។

នាថ្ងៃសៅរ៍ ទី៧ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ពន្ធដារ និងក្រុមហ៊ុនស៊ីភីអែល (CPL) បានសហការរៀបចំវគ្គ បណ្តុះបណ្តាលស្តីពី “ការវាយតម្លៃអចលនវត្ថុ” ជូនមន្ត្រីពន្ធដារ បម្រើការងារពាក់ព័ន្ធនឹងពន្ធលើវិស័យអចលនទ្រព្យក្រោម អធិបតីភាពឯកឧត្តមបណ្ឌិត កន សម្បត្តិ អគ្គនាយករងនៃ អគ្គនាយកដ្ឋានពន្ធដារ និងមានការចូលរួមពីលោកឧកញ៉ា ចេង ខេង ប្រធាន ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនស៊ីភីអែល (CPL) លោក ខឹម តុលា ប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និង អចលនទ្រព្យ ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ និងវាលគ្មិន បណ្តុះបណ្តាលរបស់ក្រុមហ៊ុនស៊ីភីអែល (CPL)។
នៅក្នុងឱកាសនៃកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការ វាយតម្លៃអចលនវត្ថុនេះ លោកឧកញ៉ា ចេង ខេង បានផ្តល់កិច្ចសហការដល់អគ្គនាយកដ្ឋានពន្ធដារ លើការវាយតម្លៃអចលនវត្ថុ ដើម្បីឱ្យការបង់ពន្ធពាក់ព័ន្ធ នឹងវិស័យអចលនទ្រព្យនេះ ប្រកបដោយសមធម៌ និងបានជំរុញ ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមបង់ពន្ធទាំងអស់គ្នា ដើម្បីរាជ រដ្ឋាភិបាលមានធនធានគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ សំដៅលើកមុខមាត់ប្រទេសជាតិឱ្យកាន់តែខ្ពស់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត កែន សម្បត្តិ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយកចិត្ត ទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងការពង្រឹង និង បង្កើនសមត្ថភាពជំនាញ ជាពិសេសដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត អំពីការវាយតម្លៃអចលនវត្ថុ ដែលជាជំនាញសំខាន់ សម្រាប់មន្ត្រីរាជការពន្ធដារកំពុងបម្រើការងារ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីធ្វើយ៉ាងណាឱ្យការវាយតម្លៃ និងគណនារកនូវមូលដ្ឋានគិតពន្ធមានសុក្រឹតភាព ប្រសិទ្ធភាព ក្នុងការប្រមូលចំណូលពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់ រាជរដ្ឋាភិបាល ក្នុងគោលដៅប្រមូលចំណូលពន្ធឱ្យអស់ សក្តានុពល តាមរយៈការធ្វើបច្ចុប្បន្នភាពតម្លៃមូលដ្ឋានគិតពន្ធ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ។
វគ្គបណ្តុះបណ្តាលដែលបានប្រព្រឹត្តទៅមួយថ្ងៃពេញនេះ មានរបៀបវារៈបួនសំខាន់គឺ ៖ ១). វិធីសាស្រ្តនិងដំណើរការនៃការវាយតម្លៃបឋមអចលនវត្ថុ , ២)វិធីសាស្ត្រ និងដំណើរការនៃការវាយតម្លៃអចលនវត្ថុ , ៣)បច្ចេកវិទ្យាឌីជីថលដែលបង្កើតនិងប្រើប្រាស់ ដោយ ក្រុមហ៊ុនអចលនវត្ថុ ស៊ីភីអែល (CPL) សម្រាប់បម្រើ ការវាយតម្លៃអចលនវត្ថុ និង៤)ដំណើរការនៃការវាស់វែងអចលនវត្ថុ និងប្រភេទប័ណ្ណ កម្មសិទ្ធិ។
ឯកឧត្តមបណ្ឌិត កែន សម្បត្តិ បានសម្តែងនូវក្តីសង្ឃឹម យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នឹងយល់កាន់តែ ច្បាស់នូវការវាយតម្លៃអចលនវត្ថុរបស់វិស័យឯកជន និងវិស័យសាធារណៈដើម្បីធានាបាននូវសមធម៌ តម្លាភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព ក្នុងការប្រមូលចំណូលពន្ធពាក់ព័ន្ធនឹងវិស័យនេះ ឱ្យអស់សក្តានុពល ព្រមទាំងពង្រឹង និងបង្កើនបាននូវសមត្ថភាព ជំនាញបន្ថែមទៀត ទាំងក្នុងក្របខណ្ឌច្បាប់និងបទប្បញ្ញត្តិ ទាំង ក្នុងក្របខណ្ឌអនុវត្តក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ លើច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងពន្ធប្រថាប់ត្រាលើការផ្ទេរ កម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើអចលនទ្រព្យ។ ឯកឧត្តមក៏បានសម្តែងនូវការជឿជាក់ ផងដែរថា មន្ត្រីទាំងអស់នឹងពង្រឹងកិច្ចសហការ សាមគ្គីភាពផ្ទៃក្នុង ចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងបន្តពង្រឹងនិងកសាងសមត្ថភាពរបស់ខ្លួនជា ប្រចាំ ដូចពាក្យស្លោកមួយបានពោលថា រៀនហើយ រៀនទៀត រៀនឥតឈប់ឈរ សំដៅបង្កើនផលិតភាព ប្រសិទ្ធភាព និង ស័ក្ដិសិទ្ធិភាពនៃការងាររបស់អង្គភាព។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ជាទូទៅការវាយតម្លៃអចលនវត្ថុបានត្រឹមត្រូវដើរតួនាទីសំខាន់គឺសម្រាប់៖ ទី១).ម្ចាស់អចលនទ្រព្យអាចប្រើប្រាស់អចលនទ្រព្យនោះ ក្នុងគោលដៅចូលរួមវិនិយោគ ឬយកទៅដាក់តម្កល់នៅធនាគារពាណិជ្ជ ដើម្បីស្នើសុំហិរញ្ញប្បទាន បានសមស្របតាមតម្លៃអចលនទ្រព្យ សម្រាប់យកទៅបង្កើតឬពង្រីកអាជីវកម្មរបស់ខ្លួន ឬអាចលក់អចលនទ្រព្យនោះបានតម្លៃសមស្រប , ទី២)វិនិយោគិនមានមូលដ្ឋានត្រឹមត្រូវក្នុងការវិភាគថាតើ កន្លែងទីតាំងណាជាទីតាំងយុទ្ធសាស្ត្រសម្រាប់វិនិយោគ , ទី៣).ក្រុមហ៊ុនធានារ៉ាប់រងអាចគណនាហានិភ័យ និងបុព្វលាភបានសមស្របនិង ទី៤)ការកំណត់មូលដ្ឋានគិតពន្ធសម្រាប់បង់ពន្ធប្រកបដោយ សមធម៌។
ដូច្នេះការវាយតម្លៃអចលនវត្ថុបានល្អនឹងបានជាមូលដ្ឋាន កំណត់ពន្ធសម្រាប់ម្ចាស់អចលនទ្រព្យបំពេញកាតព្វកិច្ចពន្ធ ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះ ប្រកដោយសមធម៌ និងកាត់បន្ថយបានការតវ៉ាពីអ្នកជាប់ពន្ធសំដៅលើកកម្ពស់ការផ្តល់ សេវាល្អជូនអ្នកជាប់ពន្ធ ពីព្រោះអគ្គនាយកដ្ឋានពន្ធដារជា ស្ថាប័នមួយ ដែលខិតខំពង្រឹងនិងបង្កើនប្រសិទ្ធភាពក្នុងការ ផ្តល់សេវាជូនអ្នកជាប់ពន្ធ ឱ្យបានកាន់តែល្អប្រសើរតាមរយៈ ការធ្វើទំនើបកម្មមុខងារពាក់ព័ន្ធនៃការប្រមូលពន្ធនិងការផ្តល់ សេវាបង់ពន្ធដោយបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធី បច្ចេកវិទ្យាជាច្រើនដូចជាE-RegisterE-Filling, E-Payment, E-Tax Service, Call Center, GDT Taxpayer App. GDT Live Chat ជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




