ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ច ទៅកាន់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែឧសភា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ និង អមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។

ក្នុងឱកាសនៃទស្សនកិច្ចធុរកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមព្រឹត្តិការណ៍ធុរកិច្ចនានា ក្នុងអំឡុងពេល នៃកិច្ចប្រជុំកំពូលអាមេរិកអាស៊ាន និង រៀបចំកម្មវិធីជំរុញធុរកិច្ច រវាងប្រទេសទាំងពីររួមមាន៖
- ជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅទីក្រុងញូយ៉ក ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកនៅញូយ៉ក និងក្រុមហ៊ុនកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពធុរកិច្ច សេដ្ឋកិច្ច និងសិក្សាលទ្ធភាពសហការគ្នាទៅតាមវិស័យនីមួយៗ
- ជំនួបពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលមានការចូលរួមពីតំណាងសភាពាណិជ្ជកម្មអាមេរិក ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន សមាគមអាជីវកម្មសិទ្ធិពិសេសអាមេរិក និងក្រុមហ៊ុនអាមេរិកនិងកម្ពុជា ជាច្រើន។ ជំនួបពាណិជ្ជកម្មនេះ លើកយកប្រធានបទសំខាន់ មកជជែកពិភាក្សារួមមាន៖ ទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា អាមេរិក កាលានុវត្តភាពធុរកិច្ចប្រទេសទាំងពីរ កិច្ចពិភាក្សាស៊ីជម្រៅលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា វិស័យសំណង់ និង វិស័យអាជីវកម្មសិទ្ធិពិសេស។ ធុរជននៃប្រទេសទាំងពីរនឹងជួបពិភាក្សា និងពិនិត្យលទ្ធភាពសហការទៅតាមវិស័យរៀងៗខ្លួន។
- កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអាមេរិក នៅទីស្នាក់ការកណ្តាល របស់សភាពាណិជ្ជកម្មអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន និងពិនិត្យលទ្ធភាព ចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មទាំងពីរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






