ភ្នំពេញ ៖ បញ្ចប់ការសិក្សាប្រកបដោយជោគជ័យក្នុងថេរៈវេលាតស៊ូដ៏ស្វាញស្វិត និងលំបាកលំបិនអស់រយៈពេល ៥ឆ្នាំ (២០១៦-២០២០) នៅមហាវិទ្យាល័យទស្សនវិជ្ជា ហាវ៉ាដ នៃ សហរដ្ឋអាមេរិក (Harvard Divinity School) ពេលនេះ ភិក្ខុ ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ទទួលបាន « សក្ខីបត្រថ្នាក់បណ្ឌិតរដ្ឋ » ពីសាកលវិទ្យាល័យ ហាវ៉ាដ (Harvard) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ គឺជាសក្ខីបត្រលើកដំបូងសម្រាប់ព្រះសង្ឃខ្មែរ ដែលទទួលបានពីសាកលវិទ្យាល័យលំដាប់ពិភពលោកមួយនេះ។

គួរបញ្ជាក់ថា កាលពីដើមនិទាឃៈរដូវក្នុងឆ្នាំ២០១៦ ភិក្ខុ ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ត្រូវបានសាកលវិទ្យាល័យហាតវ៉ាដ (Harvard) សម្រេចផ្ដល់អាហាររូបករណ៍រយៈពេល៥ឆ្នាំ សម្រាប់កម្រិតសិក្សា «ថ្នាក់ក្រោយបណ្ឌិត_Postdoc » (Postdoctoral Research Fellowship) លើប្រធានបទ «មាគ៌ាអរិយជន» ដែលផ្ដោតសំខាន់អំពីតួនាទីព្រះសង្ឃក្នុងការកសាង និងថែរក្សាសន្តិភាព។
ក្នុងលំអានកតញ្ញុតាធម៌ ព្រះមុនីកោសលបណ្ឌិតរដ្ឋ យ៉ន សេងយៀត បានមានថេរៈដីកាថា សូមថ្លែងអំណរគុណដល់ឧបត្ថម្ភកជនជាច្រើនដែលជាព្រះសង្ឃ និងជាគ្រហស្តទាំងក្នុងនិងក្រៅប្រទេស ដែលបានជួយជ្រោមជ្រែងដល់ព្រះអង្គ រួមមានសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេស គឺលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី ខៀវ ស៊ីណា ញោមប្រុស ចក់ យ៉ន ញោមស្រី ព្រំ លឿត និង បណ្ឌិត កុល ផេង ព្រមទាំងសាកលវិទ្យាល័យ ហាវ៉ាដ (Harvard) ដែលបានផ្ដល់អាហារូបករណ៍ដល់ព្រះអង្គ។
នេះជាលើកទី១ហើយ ដែលសាកលវិទ្យាល័យ ហាវ៉ាដ (Harvard) បានសម្រេចប្រគេនអាហារូបករណ៍កម្រិតខ្ពស់បំផុតប្រភេទនេះ ដល់បញ្ញាវន្តសង្ឃពុទ្ធសាសនាថេរៈវាទ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួននារយៈពេល ៣៨៦ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតសាកលវិទ្យាល័យនេះឡើងនៅក្នុងឆ្នាំ១៦៣៦ មក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN







