Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លើកឡើងថា អតិផរណាអាចនឹងកើនឡើង ៤ភាគរយ ខណ:ប្រព័ន្ធធនាគារនៅកម្ពុជាមានស្ថិរភាព

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២២នេះ បញ្ហាអតិផរណាអាចនឹងកើនឡើងកម្រិត ៤ភាគរយ ដោយសារកំណើនថ្លៃនៃម្ហូបអាហារ ប្រេងឥន្ធនៈ បណ្ដាលមកពីការរងឥទ្ធិពលពីសង្រ្គាមរុស្សី និងអ៊ុយក្រែន និងថ្លៃដឹកជញ្ជូន ស្របពេលដែលមានការរអាក់រអួលផ្នែកខ្សែចង្វាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។

ក្នុងជំនួបពិភាក្សាជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម, លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា អតិផរណាដែលអាចនឹងកើនឡើង៤ភាគរយ ដោយសារកំណើនថ្លៃម្ហូបអាហារ ប្រេងឥន្ធនៈ និងរអាក់រអួលផ្នែកខ្សែចង្វាក់ដឹកជញ្ជូន, ប៉ុន្តែ ដោយឡែកប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានស្ថិរភាព និងរក្សាបាននូវភាពធន់ ព្រមទាំងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ឥណទានគ្រឹះស្ថានធនាគារមានកំណើន ២២,១ភាគរយ ដោយបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច។

ងាកមក ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គឺមានភាពល្អប្រសើរជាលំដាប់ ដោយសាររាជរដ្ឋាភិបាលចាត់វិធានការគ្រប់គ្រងបានទាន់ពេលវេលា ជាពិសេស ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនបានជាង ៩០ភាគរយ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានា ដើម្បីទ្រទ្រង់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

កត្តាទាំងនេះ នឹងធ្វើឱ្យកម្ពុជា សម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយនៅឆ្នាំ២០២២នេះកម្ពុជារំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា ៥,៣ភាគរយ ដែលគាំទ្រដោយកំណើនក្នុងវិស័យកម្មន្តសាល ៩,៦ភាគរយ, វិស័យសំណង់១,២ភាគរយ, វិស័យកសិកម្ម១,២ភាគរយ និងវិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានកំណើនវិជ្ជមាន៦ភាគរយ បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងកាលពី២ឆ្នាំមុន។

លោក ស៊ុ សន្និសិទ្ធិ បានថ្លែងអំណរគុណ ដល់ IMF ដែលកន្លងមកបានគាំទ្រ ធនាគារជាតិនៃកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ជំនួយបច្ចេកទេស ទាំងរយៈពេលខ្លី និងវែង។ ក្នុងរយៈពេលកន្លងមកធនាគារជាតិនៃកម្ពុជា បានទទួលជំនួយបច្ចេកទេសលើការត្រួតពិនិត្យប្រព័ន្ធធនាគារ ស្ថិរភាពហិរញ្ញវត្ថុ និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×