ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកlexusRX330មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុ.ករនាំងថ្មចែកទ្រូងផ្លូវ ចំពាក់យ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង ៣០នាទីយប់ថ្ងៃទី ១៤ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកLexus RX330ពណ៌កណ្តុប្រមេះមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BE-2570 បើកបរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុកនឹងរនាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតតិចតួច ចំណែកឯរថយន្តបង្កវិញ ខូចខាតផ្នែកមួយកំណាត់មុខយ៉ាងដំណំ។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យ វាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត





