ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកfordranger មួយគ្រឿង ក្នុងល្បឿនលឿនដល់ផ្លូវកោងមិនប្រយ័ត្ន ក៏ជ្រុលចង្កូតឡើងខឿនទៅបុ.កដើមឈើបា.ក់មួយដើម រាបដល់ដីចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២រំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក ford ranger ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BD-8080 បើកបរតាមបណ្តោយផ្លូវបុរីអង្គក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវកោង មិនប្រយ័ត្នក៏បួងចង្កូតឡើងខឿន ទៅបុកដើមឈើចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបា.ក់រាបដល់ដីចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ រងការខូចខាតតែដើមឈើមួយដើម និងរថយន្តបង្កតែប៉ុណ្ណោះ។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញចរាចរណ៍ចុះពិនិត្យ និងវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត








