Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកបាទក្រហមកម្ពុជា ផ្ដល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជួយដល់ប្រជាពលរដ្ឋទិញពូជដំណាំបង្កបង្កើនផល ចិញ្ចឹមសត្វ និងអាជីវកម្មខ្នាតតូច

spot_img

ភ្នំពេញ ៖ ជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅដល់គ្រួសារយុទ្ធជនកម្ពុជាក្រីក្រនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ចំនួន ១០០គ្រួសារ កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់គ្រួសារទាំងនោះ ដើម្បីឲ្យពួកគេមានលទ្ធភាពទិញពូជដំណាំ សត្វចិញ្ចឹម អាជីវកម្មខ្នាតតូច និងបង្កបង្កើនផលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងរកប្រាក់ចំណូលតាមរយៈការលក់ដូរក្នុងទីផ្សារមូលដ្ឋាន។

ពិធីផ្ដល់ប្រាក់កម្ចីខ្នាតតូចដើម្បីលើកកម្ពស់ជីវភាពគ្រួសារនេះ ធ្វើឡើងក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកពីបណ្ដាភូមិ-ឃុំនានាក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមពង្រឹង ថែរក្សា និងការពារសុខសន្តិភាពនៅក្នុងប្រទេសយើង ដើម្បីការអភិវឌ្ឍរីកចម្រើនរុងរឿងបន្តទៅមុខទៀត ហើយក៏សូមលើកទឹកចិត្ត ដល់គ្រួសារទទួលផលទាំងអស់ ឱ្យបន្តខិតខំពង្រីកមុខរបរ បង្កបង្កើនផល ឬចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ជៀសវាងការប្រកបរបរចូលព្រៃដូចមុន ដែលប្រឈមនឹងគ្រោះថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកស្រីអគ្គលេខាធិការរងទី១នៃកាកបាទក្រហមរូបនេះ បានលើកយកការផ្ដាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងសូមប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យកើនឡើងកំដៅខ្លាំង ធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើង ហើយការប្រែប្រួលអាកាសធាតុនេះក៏បង្កឡើងជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានថវិកា១លានរៀល ហើយពួកគេមានក្តីសង្ឃឹមថាជីវភាពក្នុងគ្រួសារនឹងរីកចម្រើន ក្រោយទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ពី កាកបាទក្រហមកម្ពុជានេះ។ ចាប់តាំងពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១,៥២២គ្រួសារ (ក្នុងនោះ គ្រួសារពិការ ២៩០គ្រួសារ) ដែលរស់នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×