Thursday, July 7, 2022

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្រ្តស្តីពីទីក្រុងវៃឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយ ឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្រ្តស្តីពីទីក្រុងវៃឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញឆ្នាំ២០២២-២០៣៥ នៅសាលប្រជុំជាន់ទី១១ អគារគ សាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្រ្តីបច្ចេកទេសជាន់ខ្ពស់ របស់ក្រសួង-ស្ថាប័នជំនាញ និងអ្នកជំនាញការពាក់ព័ន្ធជាច្រើនរូប។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការសិក្សា និងប្រតិបតិ្តគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញប្រកបដោយចីរភាព និងភាពវៃឆ្លាត តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញ គឺជាសមាជិកមួយនៃបណ្តាញទីក្រុងវៃឆ្លាតអាស៊ាន (ASEAN Smart City Network) ចាប់តាំងពីឆ្នាំ២០១៨ ហើយនៅក្នុងក្របខណ្ឌនៃដៃគូកិច្ចសហប្រតិបត្តិការ ជាមួយសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងដោយមានការចង្អុលបង្ហាញពីរាជរដ្ឋាភិបាលតាមរយៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា (២០២១-២០៣៥) ក្រុមការងាររដ្ឋបាលរាជធានី បានរៀបចំសេចក្តីព្រាងឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្រ្តស្តីពីទីក្រុងវៃឆ្លាត និងមានចីរភាពរបស់រាជធានីភ្នំពេញ ឆ្នាំ២០២២-២០៣៥ របស់ខ្លួន។

ឯកសារនេះបានឆ្លងគណៈកម្មការសិក្សា និងប្រតិបតិ្តគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញប្រកបដោយចីរភាពនិងភាពវៃឆ្លាត ដែលមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មការរួចរាល់ផងដែរ។

ក្នុងឱកាសនោះ លោកបានបន្ថែមថា ដំណើរការរៀបចំទីក្រុងឆ្លាត គឺជាដំណើរការមួយវែងឆ្ងាយ ដែលទាមទារនូវធនធានច្រើន ទាំងធនធានមនុស្ស ធនធានថវិកា ក៏ដូចជាការប្តេជ្ញាចិត្តពីសំណាក់ថ្នាក់ដឹកនាំគ្រប់កម្រិត ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងអាចចាប់ផ្តើមជាមួយនឹងគម្រោងជាក់លាក់ មួយចំនួនទៅតាមលទ្ធភាពដែលរាជធានីរបស់យើង ក៏ដូចជាលទ្ធភាពនៃការសហការ និងការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។

ឯកសារផែនទីបង្ហាញផ្លូវយុទ្ធសាស្រ្តស្តីពីទីក្រុងវៃឆ្លាត និងមានចីរភាពនេះ បានផ្តោតសំខាន់លើវិស័យគន្លឹះជាអាទិភាព ចំនួន៥រួមមាន៖ ១៖ ការគ្រប់គ្រងនគររូបនីយកម្មប្រកបដោយភាពឆ្លាតវៃ , ២៖ ទីក្រុងដែលមានសុវត្ថិភាព និងសន្តិសុខ ,​ ៣៖ ប្រព័ន្ធចរាចរណ៍ដែលមានភាពវៃឆ្លាត
, ៤៖ បរិស្ថានរស់នៅវៃឆ្លាត និង៥៖ អភិបាលកិច្ចឆ្លាត។

សម្រាប់ការសិក្សា និងរៀបចំចងក្រងឯកសារនេះ ត្រូវបានធ្វើឡើងស្របតាមលទ្ធភាពរបស់រដ្ឋបាលរាជធានី និងការចូលរួមរបស់សមាគម (AIMF) ដែលនៅក្នុងដំណាក់កាលចុងក្រោយនេះ រដ្ឋបាលរាជធានី ស្នើសុំឲ្យមានការចូលរួមមតិយោបល់របស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីឱ្យឯកសារនេះមានលក្ខណៈផ្លូវការ និងកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងចុងក្រោយក្នុងថ្ងៃនេះ ទទួលបានមតិយោបល់ និងធាតុចូលពីសំណាក់មន្រ្តីជំនាញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា, ក្រសួងសាធារណៈការនិងដឹកជញ្ជូន, ក្រសួងបរិស្ថាន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី