Thursday, June 30, 2022

រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាដៃគូ សហការសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF)

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាដៃគូសហការជាមួយសមាគមអន្តរជាតិ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) លើការងារផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាតវៃនិងមានចីរភាព ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង(AIMF) នៅសាលារាជធានីភ្នំពេញ។

កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូ សហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF)រួមមាន៖ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតនិងមានចីរភាព ។

ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូសមាគមនិយាយភាសាបារាំង(AIMF) ដឹកនាំដោយលោកព្យែរ ប៊ៃយ៉េនេះ ធ្វើឡើងគោលបំណងចំនួន៣ ដែលមានដូចជា៖ ១-ការអនុម័តលើការងារនៃគម្រោងកិច្ចសហការរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម AIMF ក្នុងការរៀបចំបណ្តាញទីក្រុង អាស៊ីអាគ្នេយ៍ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងក្របខ័ណ្ឌដៃគូសហការ យុទ្ធសាស្ត្ររបស់សមាគម AIMF ជាមួយសហភាព អឺរ៉ុប។
ការផ្សព្វផ្សាយឯកសារសិក្សា និងឯកសារយុទ្ធសាស្ត្រដែលបានរៀបចំតាក់តែង និងអនុម័តដោយរដ្ឋបាលរាជធានី ភ្នំពេញ។

២-ការពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប,សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង ហិរញ្ញប្បទាន ។

៣- ការជួបប្រជុំ និងការបង្ហាញដៃគូសហការអន្តរជាតិនៅកម្ពុជា៖ ជំនួបជាមួយក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, សហភាពអឺរ៉ុប, ម្ចាស់ជំនួយ និងដៃគូរបស់រដ្ឋបាលរាជធានី ភ្នំពេញ និងខេត្តសៀមរាប, និង ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកឃួង ស្រេង បានមានប្រសាសន៍ថា កាលពីឆ្នាំ២០១៩ រាជធានីភ្នំពេញបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ សមាគម AIMF លើកទី៤០ នៅភ្នំពេញ ។ នេះជាកិត្តិយសនិងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងដែលជាសមាជិក សមាគម AIMF និងទទួលបានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុងដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។

គួរបញ្ជាក់ថា៖ រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០ និងបានក្លាយជាសមាជិក ការិយាល័យរបស់សមាគមនេះ នៅឆ្នាំ២០០៣ ដែលក្នុងចំណោម សមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាធិ ការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅ ការិយាល័យអចិន្ត្រៃយ៍នេះ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី