នៅព្រឹកថ្ងៃទី ១៦ ខែឧសភា នេះកូរ៉េខាងជើងឲ្យដឹងថា គេនឹងលុបចោលកិច្ចចរចាជាន់ខ្ពស់ ជាមួយកូរ៉េខាងត្បូង ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃនេះ អាស្រ័យដោយសមប្រយុទ្ធយោធាកំពុងប្រព្រឹត្តទៅរវាងកូរ៉េខាងត្បូង និងអាមេរិក ។
យន្តហោះប្រយុទ្ធ F-15K នាមូលដ្ឋានទ័ពអាកាសនាទីក្រុងកំពង់ផែ Gunsan ។
ទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងប្រកាសថា សមយុទ្ធ Max Thunder រវាងកងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូង និងអាមេរិក គឺជាការហ្វឹកហាត់សម្រាប់អំពើឈ្លានពានកូរ៉េខាងជើង ហើយជាទង្វើបង្កជម្លោះ ខណៈពេលដែលទំនាក់ទំនងអន្តរកូរ៉េកំពុងប្រសើរឡើង ។
កិច្ចចរចាជាន់ខ្ពស់ខាងលើមានគម្រោងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែឧសភា នាអាគារសន្តិភាពលើទឹកដីកូរ៉េខាងត្បូង នាភូមិផ្អាកសង្គ្រាម Panmunjom បំណងពិភាក្សាគ្នាអំពីវិធានការសម្រាប់កិច្ចអនុវត្ត “សេចក្តីថ្លែងការរួម Panmunjom” ដើម្បីសន្តិភាព ឯកភាព និងភាពរុងរឿង នាឧបទ្វីបកូរ៉េដែលត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង Moon jea-in និងមេដឹកនាំគីម ជុងអ៊ុន ព្រមព្រៀងគ្នាក្នុងជំនួបប្រវត្តិសាស្ត្រនៅថ្ងៃទី ២៧ មេសា កន្លងមកនៅភូមិផ្អាកសង្គ្រាម Panmunjom ។
ចាប់ពីថ្ងៃទី ១១ ខែឧសភា សមយុទ្ធ Max Thunder រវាងកូរ៉េខាងត្បូង-អាមេរិក បានចាប់ផ្តើមដោយចូលរួមរបស់យន្តហោះប្រមាណ ១០០គ្រឿង ក្នុងនោះមានទាំងយន្តហោះបំបាំងកាយ F-22 យន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះ F-15K ។
គួររំលឹកថា តាំងពីឆ្នាំ ២០០៩ មក រវាងប្រទេសទាំងពីរតែងធ្វើសមយុទ្ធរៀងរាល់ឆ្នាំ ហើយក្រុងព្យុងយ៉ាងក៏តែងមានប្រតិកម្មខ្លាំងក្លាចំពោះសមយុទ្ធរួមអាមេរិក-កូរ៉េខាងត្បូង ៕ សូយន