Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលស្រុកបាទី ឃាត់ខ្លួន កូនប្រុសដែលវា.យឪពុក រឿងបោកឆ្នាំងបាយ

តាកែវ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានជម្រាបជូនសាធារណៈជនដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក TikTok ជាពិសេសបណ្តាគេហទំព័រសារព័ត៌មានមួយចំនួន ដែលបានចែកចាយបន្តនូវវីដេអូរអំពីសកម្មភាពហិង្សាវាងឪពុកនិងកូន មានរយៈពេល ១នាទី និង២១វិនាទី ដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ រីណា និងគណនីហ្វេសប៊ុកឈ្មោះ នីល សារ័ត្ន ដែលកើតហេតុនៅភូមិស្តុក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ។

ក្រោយពីទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកុមារាជា រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់ផ្ទះកើតហេតុ ដើម្បីធ្វើការសាកសួរ តែភ្លាមៗអាណាព្យាបាលមិនសហការ ដោយបានរារាំង សមត្ថកិច្ចមិនឱ្យនាំខ្លួនជនបង្កជាកូនមកធ្វើការសាកសួរ និងសុំមិនប្តឹងផ្តល់អ្វីឡើយ។

លុះដល់វេលាម៉ោង២០ និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីសំណាក់ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ទើបកម្លាំងជំនាញសម្រេចឃាត់ខ្លួនជនបង្កខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរបន្ថែម ។

សូមបញ្ជាក់ករណីខាងលើកើតហេតុកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១២ និង២០នាទី បង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ប្រើអំពើហិង្សាទៅលើឪពុកបង្កើតឈ្មោះ ប៊ុត ឌៀប អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ។

ក្រោយកើតហេតុ ជនរងគ្រោះជាឪពុកមិនបានដាក់ពាក្យបណ្តឹងឬរាយការណ៍មកសមត្ថកិច្ចនោះទេ តែឈ្មោះ ប៉ឹង សុគន្ធ ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាកូនជនរងគ្រោះ បានផ្ញើរវីដេអូខាងលើទៅឱ្យឈ្មោះ ថោង សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាក្មួយជនរងគ្រោះ មានទីលំនៅនៅរាជធានីភ្នំពេញ ប្រើប្រាស់គណនីហ្វេសប៊ុកចំនួនពីរ មានឈ្មោះ រីណា និងឈ្មោះ នីល សារ័ត្ន ហើយក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង៣០នាទីតែម្តង។

ក្រោយធ្វើការសាកសួរជាបឋម បានឱ្យដឹងថា មូលហេតុដែលឈានដល់ការប្រើអំពើហិង្សានេះ គឺបណ្តាលមកពីការយល់ច្រឡំ ដោយសារឪពុកមកពីធ្វើការហត់ហូបបាយថ្ងៃរួចបានសម្រាក ស្របពេលជាមួយគ្នានោះកូនប្រុសដែលជាជនបង្កងើបពីដេកបានឡើងរកបាយហូប ក៏ធ្វើឱ្យជ្រុះគម្របឆ្នាំងបាយលាន់លឺខ្លាំង ស្រាប់តែឪពុកភ្ញាក់ឡើងខឹង ស្មានថាកូនបោកឆ្នាំបាយ បានស្រែកស្តីឱ្យកូន(មិនធ្វើការអី គិតតែដេក ងើបពីដេកបោកឆ្នាំងបាយទៀត)រហូតមានទំនាស់ពាក្យសម្តីនឹងគ្នា បង្កឡើងជាហិ.ង្សាតែម្តង តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។

បច្ចុប្បន្ន ជនបង្កឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាននានា ដែលបានសហការផ្តល់ព័ត៌មាន មកកាន់អង្គភាពយើងខ្ញុំ ដើម្បីបានចុះធ្វើការស្រាវជ្រាវ ក៏ដូចជាបានបកស្រាយបំភ្លឺបានទាន់ពេលវេលា បញ្ជៀសបាននូវការយល់ច្រឡំពីសំណាក់មហាជន ជាពិសេសក្រុមជនអគតិមួយចំនួន ដែលគេងចំណេញផលប្រយោជន៍តាមរយៈការផ្សព្វផ្សាយព័ត៌មានប្រឌិត បំភ្លៃការពិតខុសពីរឿងហេតុជាក់ស្តែង នៅលើបណ្តាញសង្គម ដែលធ្វើឱ្យមានមតិរិះគន់ទាំងគ្មានប្រភពព័ត៌មានច្បាស់លាស់ និងបាត់បង់ទំនុកចិត្តមកលើសមត្ថកិច្ចមូលដ្ឋានផងដែរ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×