Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅមានកុមារមួយចំនួន កំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្តាយ ឬអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោល

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តលើកកម្ពស់ ការគោរពសិទ្ធិកុមារ និងផ្ដល់កិច្ចការពារយ៉ាងពេញ ទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញ កុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។ តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងនេះហើយក៏ដោយ ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ ព្រោះតែឪពុកម្តាយ ឬអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍និងបោះបង់ចោលរយៈពេលយូរ និងជាពិសេសក្នុងការរស់នៅក្នុងស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់ ដោយជំរុញ ការអនុវត្តនូវគោលនយោបាយនិងបទដ្ឋាននានា ដែលផ្តោតលើកិច្ចការពារនិងការគោរពសិទ្ធិមូលដ្ឋានរបស់ កុមារ ក្នុងគោលដៅការពារឧត្តមប្រយោជន៍របស់កុមារ។ ទន្ទឹមនឹងនោះ យន្តការអនុវត្តប្រព័ន្ធកិច្ចការពារ កុមារ ត្រូវការជាចាំបាច់នូវធនធានមនុស្សនិងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ ដែលអាចពង្រឹងនិងពង្រីកសមត្ថភាព ក្នុងការគ្រប់គ្រង និងអនុវត្តផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពឱ្យទទួលបានលទ្ធផលតាមការរំពឹងទុក។

សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៣ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២១ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំង អស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការទប់ស្កាត់ អន្តរគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើន ឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។

សម្តេចតេជោ សូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមាររាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បី ឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។

ក្នុងស្មារតីនេះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏សូមធ្វើការអំពាវនាវដូចតទៅ៖

១- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់ កុមារ ជាពិសេស កុមារីនិងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់ នៃការរើសអើង ការផាត់ចេញពីសង្គមនិងភាពរងគ្រោះ និងងាយរងំគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិ ដើមភាគតិច កុមារមានពិការភាព)។

២- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរ ក្នុងការអនុវត្តនិងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាននិងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុង ការចែករំលែកចំណេះដឹង បទពិសោធន៍ស្ដីពីតថភាពរបស់កុមារដែលកំពុងជួបប្រទះ។

៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេសការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះនិងងាយរងគ្រោះដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។

៤- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ លើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ សំដៅ ធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ លើសពី នេះទៀត ដោយត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញចូលតែមួយគ្រប់ការងារដែលផ្តោត លើកុមារ។

៥- ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោភបំពានកុមារគ្រប់រូបភាព ជាពិសេស កុមារដែលបាន បាត់បង់ការថែទាំពីឪពុកម្តាយ កុមារត្រូវការកិច្ចការពារពិសេស ទៅក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីឱ្យមាតាបិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើន កិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍។

៦- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើននូវតម្លាភាព គណនេយ្យភាព សមធម៌ និងគុណធម៌លើការផ្តល់សេវាសម្រាប់កុមារ ដើម្បីសម្រេចឱ្យបាននូវគុណតម្លៃនៃ ធនធានមនុស្សប្រកបដោយសក្តានុពលភាព និងឧត្តមប្រយោជន៍សម្រាប់កុមារ។

៧- បន្តការសហការក្នុងជំហរឯករាជ្យភាព អព្យាក្រិតភាពជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការ
ដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ក្នុងទិសដៅអភិឌ្ឍស្របតាមច្បាប់ស្តីពីការបង្កើតអង្គការសមាគន៍ដែលមានជាធរមាន។ លើសពីនេះទៀត អង្គការទាំងអស់ត្រូវបង្ហាញផងដែរនូវតម្លាភាពសម្រាប់ការចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងភាពជាដៃគូរពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ព្រមទាំង

៨- សូមលើកទឹកចិត្តដល់កុមារនិងសហគមន៍ ដើម្បីត្រៀមខ្លួននិងឆ្លើយតបទៅនឹងវិបត្តិ ជម្នះរាល់ការលំបាកនានា។

៩- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាពនិងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ
ដោយបន្តពង្រឹងសេវាគាំពារ និងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបំណិនជីវិត។

១០- អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្សនិងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញនិងប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។

១១- គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើក កម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារ នៅក្នុងសហគមន៍ ជាពិសេសផ្តល់ឱកាសឱ្យកុមារចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។

១២- សូមពិនិត្យលទ្ធភាពក្នុងការវិនិយោគចំនួនមន្ត្រី/ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្ខិត ការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារ និងសហគមន៍ ជាពិសេស កុមារងគ្រោះដោយឪពុកម្តាយ ទុកចោល កុមារដែលទទួលរងអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព។

១៣-គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេស ការជួយ ដល់កុមារគ្រប់វិស័យ។

១៤- គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×