Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ជំរុញក្រសួង-ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធទាំងអស់ បង្កើនសិទ្ធិអំណាចដល់កុមារ និងសហគមន៍ កុមារជាជនជាតិដើមភាគតិច

ភ្នំពេញ ៖ ការជំរុញនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងថ្ងៃ ទិវាកុមារអន្តរជាតិ លើទី៧៣, ១ មិថុនា មានចំនួន ១៤ចំណុច រួមមាន ÷

ទី១៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនសិទ្ធិអំណាចដល់កុមារ ជាពិសេសកុមារី និងសហគមន៍ ដើម្បីធ្វើឱ្យមានការផ្លាស់ប្ដូរសំខាន់ៗ ដែលអាចដោះស្រាយឫសគល់ នៃការរើសអើង ការផាត់ចេញពីសង្គម និងភាពរងគ្រោះ និងងាយរងគ្រោះរបស់កុមារ (កុមារី កុមារជាជនជាតិដើមភាគតិច កុមារមានពិការភាព)។

ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជំរុញឱ្យមានការផ្លាស់ប្ដូរ ក្នុងការអនុវត្ត និងគោលនយោបាយនៅក្នុងកម្រិតមូលដ្ឋាន និងកម្រិតជាតិ តាមរយៈសកម្មភាពចុះផ្ទាល់ក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ស្ដីពីតថភាពរបស់កុមារ ដែលកំពុងជួបប្រទះ។

ទី៣៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេសការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះនិងងាយរងគ្រោះដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។

ទី៤៖ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការ ដែលមានស្រាប់លើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ សំដៅធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ លើសពីនេះទៀត ដោយត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃជាពិសេសបង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជារសេនាធិការ ជូនរាជរដ្ឋាភិបាល កំណត់ច្រកចេញ ចូលតែមួយគ្រប់ការងារដែលផ្តោតលើកុមារ។

ទី៥៖ ពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោភបំពានកុមារគ្រប់រូបភាព ជាពិសេសកុមារដែលបានបាត់បង់ការថែទាំពីឪពុកម្តាយ កុមារត្រូវការកិច្ចការពារពិសេសទៅក្នុងវេទិកាសាធារណៈ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីឱ្យមាតាបិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ចបានយល់ជ្រួតជ្រាប និងបង្កើនកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍។

ទី៦៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើននូវតម្លាភាព គណនេយ្យភាព សមធម៌ និងគុណធម៌លើការផ្តល់សេវាសម្រាប់កុមារ ដើម្បីសម្រេចឱ្យបាននូវគុណតម្លៃនៃធនធានមនុស្សប្រកបដោយសក្តានុពលភាព និងឧត្តមប្រយោជន៍សម្រាប់កុមារ។

ទី៧៖ បន្តការសហការក្នុងជំហរឯករាជ្យភាព អព្យាក្រិតភាពជាមួយភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការដៃគូរអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ ក្នុងទិសដៅអភិឌ្ឍស្របតាមច្បាប់ ស្តីពីការបង្កើតអង្គការសមាគន៍ ដែលមានជាធរមាន។ លើសពីនេះទៀត អង្គការទាំងអស់ត្រូវបង្ហាញផងដែរនូវតម្លាភាពសម្រាប់ការចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងភាពជាដៃគូរពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ទី៨៖ សូមលើកទឹកចិត្តដល់កុមារ និងសហគមន៍ ដើម្បីត្រៀមខ្លួន និងឆ្លើយតបទៅនឹងវិបត្តិ ព្រមទាំងជម្នះរាល់ការលំបាកនានា។

ទី៩៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមគាំទ្រ ឱ្យកុមារទទួលបានការអភិវឌ្ឍប្រកបដោយសុវត្ថិភាព និងជោគជ័យ ចាប់ពីពេលចាប់កំណើតរហូតដល់ពេញវ័យ ដោយបន្តពង្រឹងសេវាគាំពារ និងអភិវឌ្ឍកុមារតូច អាហារូបត្ថម្ភ សុខភាពបន្តពូជយុវវ័យ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបំណិនជីវិត។

ទី១០៖ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ សូមចូលរួមលើកកម្ពស់ការបង្ការ ទប់ស្កាត់ លុបបំបាត់ការជួញដូរមនុស្ស និងរូបភាពអាសអាភាសកុមារ តាមរយៈក្នុងប្រព័ន្ធអនឡាញ និងក្រៅប្រព័ន្ធអនឡាញក្នុងសហគមន៍ ដើម្បីធានាសុវត្ថិភាពស្របតាមគោលការណ៍ឧត្តមប្រយោជន៍របស់កុមារ។

ទី១១៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រួសារ សហគមន៍ ត្រូវចូលរួមលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបថសង្គម ក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារ នៅក្នុងសហគមន៍ ជាពិសេសផ្តល់ឱកាសឱ្យកុមារ ចូលរួមក្នុងការផ្លាស់ប្តូរសហគមន៍របស់ពួកគេ។

ទី១២៖ សូមពិនិត្យលទ្ធភាព ក្នុងការវិនិយោគចំនួនមន្ត្រី ភ្នាក់ងារសង្គមកិច្ចនៅតាមឃុំនីមួយៗ ដើម្បីបង្ខិតការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកទៅកុមារ និងសហគមន៍ ជាពិសេសកុមារងគ្រោះដោយឪពុកម្តាយទុកចោល កុមារដែលទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាព។

ទី១៣៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញការរៀបចំនិងអនុវត្ត ប្រព័ន្ធកិច្ចការពារកុមារ ឱ្យមានលក្ខណៈប្រទាក់ក្រឡាជាពហុវិស័យនៅក្នុងសហគមន៍ ជាពិសេសការជួយដល់កុមារគ្រប់វិស័យ។

ទី១៤៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនការអប់រំ ផ្សព្វផ្សាយ ពង្រឹងកិច្ចការពារ និងពិនិត្យតាមដានការអនុវត្តសិទ្ធិកុមារពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ៕ ពិសិដ្ឋ CEN

×