ភ្នំពេញ ៖ តាមរយៈ Facebook របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បង្ហោះសារ និងរូបភាពរបស់សម្តេចមួយសន្លឹកមានខ្លឹមសារថា យុវជនជំនាន់ក្រោយ ត្រូវចេះស្រឡាញ់ និងថែរក្សាសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ទៅហើយ ដូចជា នៅអ៊ុយក្រែនអីចឹង។
សម្ដេចតេជោ ហ៊ុន សែន សរសេរនៅលើហ្វេសប៊ុករបស់សម្ដេចទៀតថា រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។ តាមការពិនិត្យវ៉ែនតានេះ ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយ នឹកគិតតែរឿងចង់បានសន្តិភាព ដើម្បីមានឱកាសកសាងប្រទេស។

ទឹកមុខខ្ញុំគ្រានោះ កំពុងគិតទៅឆ្ងាយ ដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយ ត្រូវរួមគ្នាការពារកុំឱ្យបាត់បង់ទៅវិញ។ សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថា ស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ជាតិ ដូចនៅអ៊ុយក្រែនអីចឹង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








