ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា “ខុសពីបណ្តាប្រទេសមួយចំនួន ប្រជាពលរដ្ឋខ្មែរបានផ្តល់ទំនុកចិត្តទទួលយកការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិ រហូតដល់ជាង ៩០% នៃចំនួនប្រជាជនសរុប ១៦ លាននាក់។ ដូច្នេះ យើងសង្ឃឹមថា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់សម្រាប់ឆ្នាំ២០២២នេះ ក៏ដូចជាការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ខាងមុខ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេស និងជួយសង្គ្រោះអាយុជីវិតប្រជាជន ឆ្លងផុតពីគ្រោះភ័យវិបត្តិនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ក៏នឹងបន្តទទួលបាននូវការគាំទ្រ និងការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់លើសពី ៩០% ដូចជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងផងដែរ ដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជនបន្តទទួលរែកពន់អម្រែកភារកិច្ចបម្រើ ការពារជាតិ និងប្រជាជនឱ្យបានរស់នៅក្នុងសេចក្តីសុខ សុភមង្គល និងសុវត្ថិភាព ក្រោមម្លប់នៃសន្តិភាព លំនឹងស្ថិរភាពផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ព្រមទាំងឱកាសនៃការអភិវឌ្ឍរីកចម្រើនជានិច្ចនិរន្តន៍”។

ការបញ្ជាក់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សខេត្ត ក្រុង-ស្រុក និងក្រុមសកម្មជនយុវជនគណបក្សឃុំ-សង្កាត់ សាខាមន្ទីរ-អង្គភាព វិទ្យាល័យ អនុវិទ្យាល័យ និងសកម្មជនយុវជនភូមិ នៅទូទាំងខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ។
ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតនីមួយៗ គឺជាការបញ្ជាក់អំពីឥទ្ធិពលរបស់គណបក្ស និងការគោរពស្រឡាញ់ពិតប្រាកដរបស់ប្រជារាស្ត្រមកលើគណបក្សនយោបាយ ដោយហេតុថា ការបោះឆ្នោតដាច់ខាតត្រូវធ្វើឡើងដោយសម្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលពិតជាការឆ្លុះបញ្ចាំងនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ គឺជាការផ្តល់រង្វាន់ និងការគាំទ្រលើកទឹកចិត្តដល់អ្នកដែលបានខិតខំធ្វើ និងលះបង់ជាក់ស្តែង ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់ជាន់ថ្នាក់ មានកម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត។ ឆ្លងតាមមូលដ្ឋានស្នាដៃ និងសមិទ្ធផលជាច្រើន ដែលបានកសាងក្នុងរយៈពេលជាង ៤០ ឆ្នាំ កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតំណាងឱ្យអនាគត ភាពត្រជាក់ជុំរួបរួមផ្សះផ្សារជាតិ និងការអភិវឌ្ឍរីកចម្រើន ដោយខុសផ្ទុយស្រឡះពីការធ្វើនយោបាយបែបប្រជាភិថុតិ ដែលនាំមកនូវសង្គ្រាមបែកបាក់ ការរើសអើង ការបំផ្លិចបំផ្លាញ និងភាពអន់ថយ ដូចអ្វីដែលកម្ពុជាធ្លាប់បានឆ្លងកាត់រួចមកហើយក្នុងប្រវត្តិអតីតកាលដ៏ជូរចត់។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងន័យនេះ មន្ត្រីបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា តែងបានខិតខំប្រែងបម្រើប្រជាពលរដ្ឋទូទៅដោយស្មោះត្រង់ និងដោយគ្មានការរើសអើងបែងចែក ព្រមទាំងបានបើកទូលាយឱ្យមានការចូលរួមពីអង្គការ-សមាគមគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ ក្នុងនាមជាកម្លាំងសរុបរបស់ជាតិ សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅដោយសុខសាន្ត និងមានជីវភាពសម្បូរសប្បាយរុងរឿង។ សមាសភាពជាសមាជិកបក្ស ជាអ្នកគាំទ្រ ឬជាប្រជាលពលរដ្ឋទូទៅ មិនមានអ្វីសំខាន់ឡើយ ពីព្រោះអ្វីសំខាន់ គឺការគាំទ្រ និងចូលរួមក្នុងបុព្វហេតុដឹកនាំដ៏ត្រឹមត្រូវ គឺការបម្រើ និងតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមធ្លុងមហាសាមគ្គីភាពជាតិ និងដំបូលនៃសុខសន្តិភាព៕ រក្សាសិទ្ធិដោយៈ ចេស្តារ






