ភ្នំពេញ៖ សេនានុព័ន្ធ វរនាវីឯក Bernard York បានអមដំណើរឧត្តមនាវីឯក សំ សុខា មេបញ្ជាការរងនៃកងទ័ពជើងទឹកខេមរភូមិន្ទ ដើម្បីចូលរួមសន្និបាតអំណាចសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក ឆ្នាំ២០២២ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិទីក្រុងស៊ីដនី នៅកំពង់ផែ Darling Harbour កាលពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២កន្លងទៅ។
ឥណ្ឌូ-ប៉ាស៊ីហ្វិក ឆ្នាំ២០២២ គឺជាសន្និបាតដ៏ធំបំផុតក្នុងចំណោមសន្និបាតទាំងអស់នៅក្នុងអឌ្ឍគោលខាងត្បូង ហើយបានទាក់ទាញអ្នកជំនាញខាងសន្តិសុខលម្ហសមុទ្រ និងកងទ័ពជើងទឹកមកពីជុំវិញពិភពលោក។ សន្និបាតឆ្នាំនេះគឺផ្តោតលើ “គោលបំណងរួមនៃសមូហភាព” និងឆ្លុះបញ្ចាំងពីការប្រាស្រ័យទាក់ទងរួមគ្នានៃប្រជាជាតិទាំងអស់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងការទទួលបានការធ្វើពាណិជ្ជកម្មតាមសមុទ្រប្រកបដោយសុវត្ថិភាព និងស្ថិរភាព។

ឧត្តមនាវីឯក សុខា បានផ្លាស់ប្តូរវត្ថុអនុស្សារីយ៍ជាមួយមេបញ្ជាការកងទ័ពជើងទឹកអូស្ត្រាលី ឧត្តមនាវីឯក Mike Noonan និងបានជួបពិភាក្សាទ្វេភាគីជាផ្លូវការជាមួយ ឧត្តមនាវីទោ Justin Jones មេបញ្ជាការបញ្ជាការដ្ឋានលម្ហសមុទ្រ ហើយលោកទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងកងទ័ពជើងទឹកអូស្ត្រាលី និងកម្ពុជា។
ឧត្តមនាវីឯក សុខា ក៏បានជួបជាមួយ ឧត្តមនាវីត្រី Malcolm Wise មេបញ្ជាការប្រតិបតិ្តការកិច្ចខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក #IndoPacificEndeavor ឆ្នាំ២០២១ & ២០២២ ហើយលោកទាំងពីរក៏បានពិភាក្សាអំពីដំណើរទស្សនកិច្ចកាលពីឆ្នាំមុនរបស់នាវាចម្បាំង HMAS Anzac ដែលបានមកកាន់ប្រទេសកម្ពុជា និងជម្រើសនានាដែលអាចធ្វើទៅបានជាមួយកម្ពុជាសម្រាប់ប្រតិបតិ្តការកិច្ចខំប្រឹងប្រែងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឆ្នាំ២០២២។
ឧត្តមនាវីឯក សុខា ក៏បានអញ្ជើញចូលរួមប្រជុំទាក់ទងនឹងលំហាត់ Kakadu ២០២២ ដែលនឹងត្រូវរៀបចំឡើងដោយប្រទេសអូស្ត្រាលីក្នុងទីក្រុង Darwin នាខែកញ្ញា ឆ្នាំ ២០២២ ខាងមុខនេះ ហើយឧត្តមនាវីទោ ហាស់ សុទ្ថា និងនាយទាហានបីរូបទៀតនឹងធ្វើជាតំណាងអោយខាងកងទ័ពជើងទឹកខេមរភូមិន្ទ។
ឧត្តមនាវីឯក សុខា និង វរនាវីឯក York បានឯកភាពបង្កើនការផ្តល់អាហារូបករណ៍អូស្ត្រាលី លើការបណ្តុះបណ្តាលភាសាអង់គ្លេស នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹកខេមរភូមិន្ទប្រចាំរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




