ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យជឿតាមការឃោសនាអកុសលរបស់វិទ្យុពីក្រៅប្រទេស ដែលផ្ទុយពីការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា និងអញ្ជើញទៅបោះឆ្នោតឲ្យស្របទៅតាមស្នាដៃរបស់គណបក្សនិមួយៗ ដែលខ្លួនពេញចិត្ត និងកុំជឿតាមការឃោសនាពីខាងក្រៅដែលផ្ទុយពីការពិត។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវសុទិដ្ឋនិយម និងមានសេចក្តីរីករាយដែលប្រជាពលរដ្ឋទូទាំងប្រទេស ទោះបីមាននិន្នាការគណបក្សនយោបាយណាមក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋមើលឃើញអំពីការពិតជាក់ស្តែងកុំឲ្យជឿការឃោសនាអកុសលទៅលើតែសម្លេង លើតែការផ្សាយពីវិទ្យុពីក្រៅប្រទេសដែលមិនមានការពិត និងត្រូវសង្កេតរកការរពិត និងត្រូវផ្អែកទៅលើសច្ចៈធម៌ ដែលក្នុងជីវភាពរស់នៅរបស់យើង របស់សង្គមជាតិកម្ពុជា មានការប្រែប្រួលយ៉ាងណា គឺបានឃើញទាំងអស់គ្នាហើយ។

ជាមួយគ្នានេះ ឯកឧត្តម សុខ ឥសាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទោះបីមាននិន្នាការនយោបាយទៅលើគណបក្សណាក៏ដោយសូមឲ្យប្រកាន់នូវសច្ចៈធម៌ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា និងផ្តល់សច្ចៈធម៌ដល់គណបក្សណាដែលមានស្នាដៃ ដែលមានគុណសម្បត្តិសម្រាប់ប្រទេសជាតិ និងប្រជាជន។ ហើយអញ្ជើញទៅបោះឆ្នោតឲ្យស្របទៅតាមស្នាដៃរបស់គណបក្សនិមួយៗ ដែលខ្លួនពេញចិត្ត និងកុំជឿតាមការឃោសនាពីខាងក្រៅដែលផ្ទុយពីការពិត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា “ចំពោះការចោទប្រកាន់ថាមានការទិញទឹកចិត្ត សកម្មជនរបស់គេ មានការគំរាមកំហែង មានការរឹតបន្តឹងទៅលើគណបក្សប្រកួតប្រជែង តាមពិតសភាពការណ៍នឹងអត់មានទេ។ ដូច្នេះហើយព្រឹត្តិការណ៍ដែលកើតឡើងជាក់ស្តែងវាអត់មានដូចការចោទប្រកាន់ យើងមិនមានការចាប់អារម្មណ៍ទេ ហើយគ.ជ.ប ក៏មិនបានទទួលពាក្យបណ្តឹងណាមួយអំពីគណបក្សដែលចេះតែស្រែកថា មានការគំរាមកំហែង មានការទិញដូរ រឹតបន្តឹងទៅលើបក្សប្រកួតប្រជែង បើសិនណាព្រឹត្តិការណ៍នឹងកើតឡើងជាក់ស្តែងមែន ខ្ញុំយល់ថា គណបក្សដែលស្រែកនោះប្រាកដជានឹងដាក់ពាក្យប្តឹងទៅគ.ជ.ប គ្រប់លំដាប់ថ្នាក់ហើយ ក៏ប៉ុន្តែវាមិនមាន យើងសន្និដ្ឋានថា នេះវាគ្រាន់តែជាសិទ្ធិបញ្ចេញមតិ និងជាឡេះបណ្តើរៗទៅដើម្បីដល់ថ្ងៃបោះឆ្នោតនឹងយកមូលដ្ឋានដែលខ្លួនស្រែកបន្តបន្ទាប់ទៅធ្វើជាឡេះដើម្បីប្តឹងបដិសេធលទ្ធផលបោះឆ្នោត ហើយវ៉ៃតម្លៃថា ការបោះឆ្នោតមិនប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ ដែលខ្លួនចាញ់ឆ្នោតនោះ”។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២១-៣១ ខែឧសភា គឺបានប្រព្រឹត្តទៅក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ បណ្ដាគណបក្សនយោបាយបានធ្វើសកម្មភាពឃោសនាស្វែងរកការគាំទ្រពីម្ចាស់ឆ្នោតចំពោះគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយខ្លួនក្នុងការអភិវឌ្ឍឃុំ សង្កាត់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

