ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២ ខែមិថុនានេះ បានបញ្ជាក់ថា ករណីសង្ស័យមនុស្ស ៦នាក់កើតជំងឺអ៊ុតស្វា រកឃើញអវិជ្ជមានទាំងអស់ បន្ទាប់ពីបានធ្វើតេស្តពិសោធន៍នៅវិទ្យាស្ថានបាស្ទ័រ។ ជំងឺអ៊ុតស្វានេះ មានរោគសញ្ញា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខ ក្នុងនោះក៏មានគ្រុនក្ដៅលើស ៣៨.៥ អង្សាសេ ឡើងកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំក្នុងរយៈពេលជាច្រើនសប្ដាហ៍។

បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC , “យើងរកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វើតេស្តមន្ទីរពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់ មានន័យថាគ្មានជំងឺនេះក្នុងប្រទេសយើងទេ រហូតពេលនេះ ។ ករណីសង្ស័យជំងឺ : មានកន្ទួលឬពងបែក លើដៃ បាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាមួយឬច្រើនដូចខាងក្រោម:
គ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើនកូនកណ្តុរ ឈឺក្បាល ឈឺខ្នង សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥ “។
ជំងឺអ៊ុតស្វា ចឆ្លងពីអ្នកដែលប៉ះពាល់រាងកាយផ្ទាល់ ឬអ្នកមានរោគសញ្ញានៃជំងឺ តាមរយៈការទំនាក់ទំនងរួមភេទគ្មានសុវត្ថិភាព ការប្រើសម្លៀកបំពាក់ សម្ភារ ឬបរិភោគឡូកឡំគ្នា ទឹកមាត់អ្នកមានជំងឺ និងឆ្លងពីម្ដាយទៅកូនអំឡុង ឬក្រោយឆ្លងទន្លេ តាមរយៈប៉ះស្បែក។ វីរុសនេះមាននៅលើសត្វព្រៃកកេរព្រៃ ដែលមានជាប្រចាំនៅអាព្រិចខាងលិច និងកណ្ដាល ហើយបច្ចុប្បន្ន ជំងឺនេះ កំពុងឆ្លងនៅទ្វីបអឺរ៉ុប អាមេរិក និងកាណាដា។

យ៉ាងណាមិញជំងឺអ៊ុតស្វានេះ ក៏មានវិធីការពារដែរ ដោយត្រូវរក្សាអនាម័យខ្លួនប្រាណឱ្យបានស្អាត លាងដៃជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាអនាម័យផ្លូវដង្ហើម។ ជៀសវាងការប៉ះដោយផ្ទាល់ជាមួយអ្នកជំងឺអ៊ុតស្វា ត្រូវប្រើស្រោមអនាម័យពេលរួមភេទ បរិភោគអាហារសុខភាព និងចម្អិនឱ្យបានឆ្អិនល្អ។ ចៀសវាងការប៉ះពាល់ជាមួយសត្វរស់ ឬងាប់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




