ភ្នំពេញ៖ “ស្ថានទូតអូស្ត្រាលី គាំទ្រគណៈប្រតិភូដែលរួមមានអ្នកជំនាញ និងអ្នកអនុវត្តការងារក្នុងវិស័យវិនិយោគបរទេសរបស់កម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសអូស្ត្រាលី។ សិក្ខាកាមទាំងនេះកំពុងបញ្ចប់វគ្គសិក្សាខ្លីស្តីអំពី “ការទាក់ទាញ និងគ្រប់គ្រងការវិនិយោគបរទេស ក្រោយពីវិបត្តិកូវីដ” ដែលផ្តល់ដោយសាកលវិទ្យាល័យបច្ចេកវិទ្យា Queensland ។
ផ្នែកមួយនៃដំណើរទស្សនកិច្ចសិក្សានេះ ពួកគេបានជួបជាមួយប្រធានក្រុមផ្នែកម្ហូបអាហារ និងបដិសណ្ឋារកិច្ចរបស់អូស្ត្រាលី នៅកន្លែងតាំងពិព័រណ៍ឧស្សាហកម្មក្នុងរដ្ឋ Queensland ពួកគេបាននិយាយទៅកាន់តំណាងគណៈកម្មការពាណិជ្ជកម្ម និងវិនិយោគរបស់យើងនៅទីក្រុង Canberra និងបង្ហាញពីឱកាសវិនិយោគកម្ពុជាដល់ក្រុមវិនិយោគិនអន្តរជាតិនៅទីក្រុង Sydney។

ចំណុចលេចធ្លោមួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើន នៃដំណើរទស្សនកិច្ចនេះ គឺការស្វាគមន៍ការចូលរួមពីសំណាក់ប្រជាជន Turrbal និង Yugara ដែលជាម្ចាស់ទឹកដី ដែលបច្ចុប្បន្ននេះជាទីក្រុង Brisbane។
តាមរយៈវគ្គសិក្សា និងដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនេះ យើងកំពុងផ្តល់ឱ្យសិក្ខាកាមនូវចំណេះដឹង ជំនាញ និងបណ្តាញទំនាក់ទំនងនានា ដើម្បីអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្រ្តផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីទាក់ទាញ និងរក្សាបាននូវការវិនិយោគពីបរទេស ប្រកបប្រសិទ្ធិភាពខ្ពស់ និងគាំទ្រផលប្រយោជន៍ជាតិរបស់កម្ពុជា”។
វគ្គសិក្សានេះត្រូវបានផ្តល់មូលនិធិតាមរយៈគំនិតផ្តួចផ្តើមភាពជាដៃគូមេគង្គ-អូស្ត្រាលី (#MAP) ដែលមានថវិការចំនួន ២៣២លានដុល្លារអូស្រ្តាលី ដើម្បីជួយប្រទេសតាមដងមេគង្គស្តារឡើងវិញពីជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី





