ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចលុបចោលការផាកពិន័យឈ្មោះ គង់ រ៉ៃយ៉ា ចំនួន ៥លានរៀល និងរក្សាសិទ្ធិបោះឆ្នោត និងឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សភ្លើងទៀន ទាំង១៥រូប។ សម្រេចទទួលយកពាក្យបណ្តឹងរបស់មេធាវី គា អ៊ាវ តំណាងដោយអាណត្តិឲ្យឈ្មោះ ជិន ដាវី សកម្មជនគណបក្សប្រជាជនកម្ពុជា និងទទួលយកពាក្យបណ្តឹងរបស់លោកគង់ រ៉ៃយ៉ា ដែលគ.ជ.ប ទទួលបបានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយផ្ទុយនឹងគតិច្បាប់។
សេចក្តីសម្រេចនេះ ប្រកាសជាសាធារណៈនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ នៅចំពោះមុខគូរភាគី និងមេធាវីតំណាងជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿង ចំនួន ២ មានលេខ ១៤៨ និងលេខ ១៤៩ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានឯកឧត្ដម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន ឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ ពាក្យបណ្ដឹងទាំង ២ ខាងលើនេះមានកម្មវត្ថុប្ដឹងតវ៉ា និងប្ដឹងជំទាស់នឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចា ម ពាក់ព័ន្ធនឹងសកម្មភាពរបស់បេក្ខជននៃគណបក្ស ភ្លើងទៀន ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកកងមាស ខេត្តកំពង់ចាម។

សំណុំរឿងចំនួន ២ ដែលគ.ជ.ប យកមកជំនុំជម្រះនេះ គឺពាក់ព័ន្ធបណ្តឹងរបស់មេធាវី គា អ៊ាវ តំណាងដោយអាណត្តិឲ្យឈ្មោះ ជិន ដាវី សកម្មជនគណបក្សប្រជាជនកម្ពុជា ប្តឹងតវ៉ានឹងសេចក្តតីសម្រេចលេខ ០០៦ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលមិនបានលុបឈ្មោះបេក្ខជនទាំង ១៥នាក់ ចេញពីបញ្ជីបេក្ខជនគណបក្សភ្លើងទៀន និងមិនបានដកសិទ្ធិបោះឆ្នោតចេញពីស្រុកកងមាស ព្រមទាំងមិនបានផាកពិន័យលើគណបក្សភ្លើងទៀន។ ចំណែកសំណុំរឿងមួយទៀត គឺបណ្តឹងររបស់ឈ្មោះ គង់ រ៉ៃយ៉ា ប្រធានគណបក្សភ្លើងទៀន ស្រុកកងមាស ប្តឹងតវ៉ានឹងសេចក្តីសម្រេចលេខ ០០៦ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ របស់គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដែលបានផាកពិន័យខ្លួន ៥លានរៀល៕ រក្សាសិទ្ធិដោយៈ ចេស្តារ


