Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ាណែត : បន្តទៅមុខគណបក្សប្រជាជន ដែលមានសម្តេចតេជោជាអ្នកដឹកនាំផ្ទាល់ បានប្តេជ្ញាខិតខំប្រឹងប្រែង បង្កើតនូវសមិទ្ធផលវិជ្ជមានឱ្យបានច្រើនបន្ថែមទៀត

ភ្នំពេញៈ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បានបញ្ជាក់ថា “បន្តទៅមុខគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ជាអ្នកដឹកនាំផ្ទាល់ បានប្តេជ្ញាខិតខំប្រឹងប្រែងបង្កើតនូវសមិទ្ធផលវិជ្ជមានឱ្យបានច្រើនបន្ថែមទៀត ជាពិសេសការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍឥតឈប់ឈរ សម្រាប់និរន្តរភាពយូរអង្វែងច្រើនជំនាន់តរៀងទៅ។ ដូច្នេះ សូមបន្តមានជំនឿជឿជាក់លើ សម្តេចតេជោ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ តាមរយៈការបោះឆ្នាតផ្តល់ឱកាសជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកអភិវឌ្ឍនភាពរុងរឿង ស្មើមុខស្មើមាត់លើឆាកអន្តជាតិទាំងក្នុងតំបន់ និងទូទាំងសាកលលោក”។

ការបញ្ជាក់នេះ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅឃុំដារ ឃុំត្រមូង ឃុំមេមត់ ឃុំរូង ឃុំចាន់មូល ឃុំជាំ និងឃុំជាំក្រវៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រលើសលប់ពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ដែលបានបង្កឱ្យមានឱកាសបម្រើ កសាង និងអភិវឌ្ឍប្រទេសគ្រប់អាណត្តិកន្លងមក។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ក្នុងយុទ្ធនាឃោសនាសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ រយៈពេល១៤ ថ្ងៃនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាក្នុងស្រុកមេមត់ផ្ទាល់ បានធ្វើការអបអរសាទរនូវសមិទ្ធផលដែលសម្រេចបានរួមគ្នាក្នុងបុព្វហេតុជាតិ និងប្រជាជន ជាច្រើនសន្ធឹកសន្ធាប់ក្នុងរយៈកាល ៤៣ ឆ្នាំមកនេះ ជាពិសេសក្នុងដំណាក់កាលដែលប្រទេសបានជួបនូវបញ្ហាលំបាកស្មុគ្រស្មាញបំផុត ជាអាទិ៍ ការរំដោះប្រជាជន និងប្រទសជាតិចេញពីការកាប់សំលាប់រង្គាលនៃរបបប៉ុលពត, ការនាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេស ដោយបានបញ្ចប់សង្គ្រាមរវាងជាតិខ្មែរ, ហើយដំណាក់កាលចុងក្រោយនេះ គឺបានការពារអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩ តាមរយៈការផ្តល់សេវាព្យាបាល និងការចាក់ថ្នាំវ៉ាក់សាំងការពារបានរហ័សទាន់ពេលវេលា។ សក្ខីភាពនៃសមិទ្ធផលដែលសម្រេចបានដ៏លើសលប់ទាំងនេះ សរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត និងធនធាន ដោយមិនគិតពីអាយុជីវិត និងការលំបាក សំដៅធ្វើយ៉ាងណាអនុវត្តតួនាទី និងភារកិច្ច បម្រើជាតិ មាតុភូមិ និងប្រជាជនឱ្យបានសុខសាន្ត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×