ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣មិថុនានេះ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល , ឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោកស្រីបានបន្តដឹកនាំក្បួនឃោសនាបន្តទៀត បើទោះបីជាមានភ្លៀងធ្លាក់ជាប់រហូតយ៉ាងណាក្តី ក៏មិនបានរារាំងដំណើរការនៃក្បួនដង្ហែរដ៏ធំ របស់គណបក្សប្រជាជនកម្ពុជានេះដែរ។
ក្បួនដង្ហែរបានឆ្លងកាត់ភូមិសាស្ត្រខណ្ឌចំនួន៥ នៅកណ្តាលក្រុងតាមតម្រាយផ្លូវដែលបានគ្រោងទុក ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា និងការប្តេជ្ញាចិត្តអនុវត្តគោលនយោបាយនេះក្នុងរយៈពេល៥ឆ្នាំ ខាងមុខទៀតក្នុងការអភិវឌ្ឍន៍សង្កាត់ ឲ្យបានកាន់តែរីកចម្រើនថែមទៀតស្របតាម បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ដែលក្បួនឃោសនាបានឆ្លងកាត់ សុទ្ធតែបានទះដៃអបអរសាទរព្រមទាំងសម្រែកជ័យឃោស ជយោ! គណបក្សប្រជាជនកម្ពុជា, មានគណបក្សប្រជាជនកម្ពុជាគឺមានការអភិវឌ្ឍន៍ និងធានាបានសុខសន្តិភាព ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម ព្រោះគណបក្សប្រជាជនកម្ពុជាកើតចេញពីប្រជាជន ដើម្បីប្រជាជន ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខដឹកនាំគណបក្ស ។ ដូច្នេះប្រជាពលរដ្ឋយើងត្រូវបោះឆ្នោតឲ្យត្រូវ ឲ្យចំគឺគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជានិមិត្តរូប។ សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូនប្រជាពលរដ្ឋដែលបោះត្រូវ គឺយើងទទួលបានការរីកចំរើនសំរាប់ខ្លួនយើង កូនចៅយើង និងប្រទេសជាតិយើង។

នៅម៉ោងប្រមាណជាង៣រសៀលក្បួនដង្ហែរបានឈានឈ្ពោះទៅដល់កោះពេជ្រ ជាមួយនិងជួបជុំជាមួយឯកឧត្តមហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមុននឹងបន្តដំណើរ ដង្ហែរក្បួនឃោសនាបោះឆ្នោតនាថ្ងៃចុងក្រោយនៅយប់នេះបន្តទៀត។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសនោះបានថ្លែងនូវការកោតសរសើរ ចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត គាំទ្រ គណបក្សប្រជាជនកម្ពុជា។ លោកសូមអោយបងប្អូនរក្សាសាមគ្គីភាពគ្នាឲ្យបានរឹងមាំ ថែរក្សាអារម្មណ៍ឲ្យបានល្អ ដើម្បីទទួលជ័យជំនះនៅពេលបោះឆ្នោត។ សន្តិភាព បានមកដោយការលះបង់ ពុះពារយ៉ាងលំបាករបស់គណបក្សប្រជាជនកម្ពុជា។ សន្តិភាពនេះហើយ ទើបប្រទេសយើងមានការអភិវឌ្ឍលើកគ្រប់វិស័យ នាំឲ្យប្រទេសយើង ស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិ។ ដូច្នេះយើងត្រូវរួមគ្នារក្សា សន្តិភាពឲ្យបានគង់វង្ស និងទប់ស្កាត់បដិវត្តពណ៌ឲ្យបាន ដើម្បីអភិវឌ្ឍន៍ ប្រទេសរបស់យើងអោយកាន់តែរីកចំរើនបន្ថែមទៀត ។

មុននៃការដង្ហែរក្បួននៅយប់នេះ ឯកឧត្តមហ៊ុន ម៉ានី បានណែនាំឲ្យសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អ រក្សាសុវត្ថិភាពខ្លួនឯង ។ បន្ថែមពីនេះ គឺធ្វើអ្វីៗ បង្ហាញពីភាពចាស់ទុំខាងនយោបាយ របស់គណបក្សប្រជាជនកម្ពុជារបស់យើង ដើម្បីឈានឆ្ពោះទៅយកជ័យជំនះនាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃ០៥មិថុនានិងបន្តយកជ័យជំនះនៅពេលបោះឆ្នោត សកលឆ្នាំ២០២៣ខាងមុខទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




















