ភ្នំពេញៈ គណបក្សខ្មែរតែមួយ និងគណបក្សយុវជនកម្ពុជា ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឱ្យមានភាពរលូនគ្មានការរំខាន និងគ្មានអំពើ ហិង្សាណាមួយបានកើតឡើងនោះទេ និងអាចទទួលយកបាន។

យោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សខ្មែរតែមួយនៅថ្ងៃទី៦ ខែមិថុនា បានឲ្យដឹងថា គណបក្សខ្មែរតែមួយ ដែលបានចូលរួមការប្រកួតប្រជែងបានសង្កេតឃើញថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសម្លេងឆ្នោតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ គឺមានភាពល្អប្រសើរ ដោយសារគ្រប់ ភាគីពាក់ព័ន្ធមានភាពចាស់ទុំខាងនយោបាយធ្វើឱ្យមានភាពរលូន គ្មានការរំខាន និងគ្មានអំពើ ហិង្សាណាមួយបានកើតឡើងនោះទេ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិ ទី៥នេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ។
ជាមួយគ្នានេះ គណបក្សខ្មែរតែមួយ ក៏បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ ដែល ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងទទួលយកបាន។
ចំណែកគណបក្សយុវជនកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ដែរថា នៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧គណបក្ស ហើយគណបក្សយុវជនកម្ពុជា គឺបានចូលរួមប្រកួតប្រជែងផងដែរនោះ បានកត់សម្គាល់ឃើញថា ដំណើរការ នៃការបោះឆ្នោត គឺបានប្រព្រឹត្តិទៅដោយរលូនក្នុងស្ថានភាព សន្តិសុខល្អ សណ្តាប់ធ្នាប់ល្អ និង ក្នុងបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសប្រជាពលរដ្ឋ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះយ៉ាងច្រើនកុះករផងដែរ។
គណបក្សយុវជនកម្ពុជាបានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទី រសៀល ។

ប្រជាពលរដ្ឋបានឈរតម្រង់ជួរតាមលំដាប់លំដោយដើម្បីចូលទៅក្នុងការិយាល័យបោះឆ្នោត ក្នុងការបោះឆ្នោតជូនគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត ដោយមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចូលរួមសង្កេតការណ៍អំពីដំណើរការនៃការបោះឆ្នោត។
បើយោងតាមរបាយការណ៍របស់ គ.ជ.ប បានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកបោះឆ្នោត ៩.២០៥.៦៨១នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៦០២ការិយាល័យ។ សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់មានចំនួន ១១.៦១១.៤០០សន្លឹក និងសន្លឹកឆ្នោតបម្រុងជាង ១លាន ២សែនសន្លឹក (១.២៣៩.០០០សន្លឹក)។
ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន ៨៦.០៩២ នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕ រក្សាសិទ្ធិដោយៈចេស្តារ











