Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធ បានចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) ផ្ញើលិខិតកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាម គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

សម្តេច ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ បំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបានបង្កលក្ខខណ្ឌអំណោយផល និងបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និង បណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាម ឆន្ទៈរបស់ខ្លួន ។

ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មាន អំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

ជាថ្មីម្តងទៀត សម្តេច បានមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តរួមចំណែកកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងបេសកកម្មបម្រើជាតិ និង ប្រជាជន និងក៏សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគោរពតាមបទបញ្ជា និងនីតិវិធីនានា រួមចំណែក ធ្វើឲ្យការរៀបចំព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×