ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រជាង ៥លាន៣សែនសម្លេង និងទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៩ពាន់អាសនៈ នៅតាមបណ្តារាជធានី ខេត្ត ទាំង២៥ ។ សម្លេងដែលគណបក្សប្រជាជនកម្ពុជា ទទួលបានគឺនាំមុខគណបក្សនយោបាយចំនួន ១៦ផ្សេងទៀត ដែលបានចួលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ឯកឧត្តម សោម សូរីដា អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៦ ខែមិថុនានេះថា គណបក្សនយោបាយចំនួន ៤ ដែលនាំមុខគេក្នុងការទទួលការគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺ១. គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេង ៥,៣៣៧,៧៥៤ សម្លេង គិតជាភាគរយស្មើ ៧៤.៣២%។ ២. គណបក្សភ្លើងទៀន ទទួលបានសម្លេង ១,៦១០,៤៣៤សម្លេង ស្មើ ២២.២៦% ។ ៣. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសម្លេង ៩១,៧៩៣សម្លេង ស្មើ ១.២៧% និង៤.គណបក្សខ្មែររួបរួមជាតិ ទទួលបានសម្លេង ៦៣,៩៤៧សម្លេង ស្មើ ០.៨៨%។

ឯកឧត្តម សោម សូរីដា បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតមានចំនួន ៧,៣៨២,៤៤៩នាក់ ស្មើនឹង ៨០.១៩% នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប៩.២០៥.៦៨១នាក់ ។ ចំណែកឯសន្លឹកឆ្នោតបានការ គឺមានចំនួន ៧,២៣៦,២៤៤សន្លឹក ហើយសន្លឹកឆ្នោតមិនបានការ គឺមានចំនួន ១៤៦,២០៥សន្លឹក ស្មើនឹង ១.៩ភាគរយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ។
បើតាមការគណនាសម្លេងគាំទ្ររបស់គណបក្សកម្ពុជាទទួលបាន គឺបានទទួលអាសនៈជាង ៩ពាន់៣រយអាសនៈ៕ រក្សាសិទ្ធិដោយៈ ចេស្តារ





