ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងថ្នាក់ ដឹកនាំជាន់ខ្ពស់ បានរៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍ ដំណើរ ទស្សនកិច្ចរបស់ ឯកឧត្តម Andrés Pastrana Arango អតីតប្រធានាធិបតី នៃសាធារណរដ្ឋកូឡុំប៊ី និងបច្ចុប្បន្នជា ប្រធានអង្គការ អ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ក្នុងដំណើរទស្សនកិច្ច របស់ឯកឧត្តមក្នុងកំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងស្របពេល ដែលអង្គភាពស៊ីម៉ាក់កំពុង ផ្តល់ការហ្វឹកហ្វឺនដល់សិក្ខាកាមកូឡុំប៊ី នូវជំនាញការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។

ឯកឧត្តមអតីតប្រធានាធិបតី ឆ្លៀតឱកាសធ្វើទស្សនកិច្ចក្នុងថ្ងៃនេះ ដើម្បីសួរសុខទុក្ខកងទ័ពកូឡុំប៊ី ដែល កំពុងស្នាក់នៅហ្វឹកហ្វឺននៅកម្ពុជា និងដើម្បីសំដែង ការអរគុណ ចំពោះរាជរដ្ឋាភិបាល ដែលបានជួយផ្តល់បទពិសោធន៍នៃការដោះ ស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាមដែលប្រទេសនិងប្រជាជនកូឡុំប៊ី កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមស៊ីវិលជាង៥០ឆ្នាំ ។

ឯកឧត្តម អតីតប្រធានាធិបតី ក៏បានរំលឹកអំពីការពិភាក្សានិង សំណេះសំណាល ជាមួយសម្តេចអគ្គមហាសេនាធិបតីតេជោផងដែរ ក្នុងការដោះស្រាយវិបត្តិ និងការកសាងសន្តិភាពនៅកម្ពុជា ដែល ឯកឧត្តម មានការកោតសរសើរចំពោះសមិទ្ធផលរីកចម្រើនយ៉ាងធំធេង ក្រោមការដឹកនាំរបស់សម្តេចតេជោ រួមជាមួយនឹងការបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ថ្មីៗកន្លងទៅនេះ តាមគន្លងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








