ភ្នំពេញ ៖ សម្ភារវេជ្ជសាស្រ្តចំនួន ២៣មុខ ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ត្រូវបានប្រគល់ជូនព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។

បន្ទាប់ពីការថ្លែងអំណរគុណ និងចំណាប់អារម្មណ៍របស់ក្រុមសម្របសម្រួលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងចំណាប់អារម្មណ៍របស់លោកលោក គីម មីនហូ តំណាងអង្គការចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េរួមចមក ឯកឧត្តម ផាក ហឹងខ្យឹង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ និងចូលរួមអបអរសាទរចំពោះការប្រគល់-ទទួល សម្ភារវេជ្ជសាស្រ្ត ដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់អង្គការចែករំលែកសង្រ្គោះ អាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ ពិតជាសក្ខីភាពក្នុងបញ្ជាក់នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេវិស័យអភិវឌ្ឍន៍ ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ ហើយអ្វីដែលពិសេសជាងនេះទៅទៀត គឺប្រទេសកម្ពុជាជាដៃគូរដ៏សំខាន់ក្នុងការទទួលបានជំនួយ ODA ដែលក្នុងឆ្នាំនេះប្រទេសកម្ពុជាបានទទួលជំនួយ១៥០លានដុល្លារពីសាធារណរដ្ឋកូរ៉េ។ ក្នុងនោះ មានអង្គការសង្គមស៊ីវិលចំនួន១៧របស់កូរ៉េដែលកំពុងធ្វើសកម្មភាពលើវិស័យជាច្រើននៅប្រទេសកម្ពុជា ជាពិសេសអង្គការសង្គមស៊ីវិលក្នុងវិស័យអប់រំជាវិស័យមួយដ៏សំខាន់ក្នុងការជួយលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាប្រទេសទាំងពីរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនអង្គពិធីថា ប្រទេសកូរ៉េជាប្រទេសដែលបានផ្តល់ជំនួយដល់ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះមានប្រ ទេសកម្ពុជាផងដែរ។ ជំនួយទាំងអស់នោះមានគោលដៅសម្រាប់កាត់បន្ថយភាពក្រីក្រ រួមចំណែកជាមួយរដ្ឋាភិបាលនៃប្រទេសជាមិត្ត ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាពទាំងអស់គ្នា។ នាពេលបច្ចុប្បន្ននេះ បញ្ហាប្រទេសមួយនឹងក្លាយទៅជាបញ្ហាពិភពលោកទាំងមូល ហើយអ្វីដែលសំខាន់អង្គការចែករំលែកសង្រ្គោះអាយុជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងចូលរួមចំណែកផ្តល់ជំនួយមនុស្សធម៌ដើម្បីឆ្លើយតម និងដោះស្រាយបញ្ហា និងជីវិតរបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវបញ្ហាសុខភាព។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លៃអំណរគុណអង្គការចែករំលែកសង្រ្គោះអាយុជីវិតសកល និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលបានចែករំលែកនូវកិច្ចការរួមគ្នាចំពោះបញ្ហាទាំងអស់នេះ និងសម្តែងនូវសេចក្តីរីករាយដោយបានមើលឃើញនូវំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនកាន់តែស៊ីជំរៅបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍ថា ថ្ងៃនេះព្រឹទ្ធសភាកម្ពុជាពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានទទួលជំនួយមនុស្សធម៌ជាសម្ភារ ឧបករណ៍វេជ្ជសាស្រ្តពីអង្គការចែករំលែកជួយសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ។ ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព សាមគ្គីភាពរវាងកម្ពុជា-កូរ៉េ ជាពិសេសរវាងព្រឹទ្ធសភាកម្ពុជាជាមួយអង្គការចែករំលែកសង្គ្រោះអាយុជីវិតសកល ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈ ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំ ង ជំងឺកាចសាហាវនានា ជាអាទិ៍៖ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺកូវីដ-១៩ ជាដើម…។ល។ ដើម្បីធានាបាននូវការងើបឡើង វិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច។
ឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ជំនួយមនុស្សធម៌ដូច ដែ ល យើងទាំងអស់គ្នាបានឃើញជាក់ស្តែងនេះ នឹងត្រូវគ្រប់ គ្រងដោយថ្នាក់ដឹក នាំព្រឹទ្ធសភា ហើយប្រើប្រាស់តាមរយៈយន្តការនានានៃព្រឹទ្ធសភា សម្រាប់ចែកជូនដល់មន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនានា ព្រមទាំងប្រជាជននៅក្នុងបណ្តាភូមិភាគទាំង៨។ ជាមួយគ្នានេះព្រឹទ្ធ សភាកម្ពុជា មានសេចក្តីរីក រាយ និងសូមស្វាគមន៍នូវរាល់កិច្ចសហការមនុស្សធម៌ ជាមួយអង្គការចែករំលែកសង្រ្គោះជីវិតសកលជាបន្តបន្ទាប់ទៀត។
ក្នុងនាមថ្នាក់ដឹកនាំព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសហការីទាំងអស់ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអង្គការចែករំលែកសង្រ្គោះជីវិតសកល ដែលបានផ្តល់នូវជំនួយមនុស្សធម៌ ដើម្បីលើកកម្ពស់គុណភាពជីវិត និងជួយសង្រ្គោះជីវិតប្រជាជនកម្ពុជា។
សូមជម្រាបថាសម្ភារវេជ្ជសាស្ត្រចំនួន២៣មុខ ដែលប្រគល់ ទទួលក្នុងឱកាសនោះ រួមមាន៖ ១-Varucefa Injection 1g, 10V ២-Selnium Plus Inj., 10V ៣-Shinpoong Spuramon Inj., 30amp. ៤-Clecan Injection 300mg, 15mL ៥-Hemo-jade Powder 125mg ៦-BC Telmi Tab. 40mg, 30T ៧-BC Telmi Tab. 80mg, 30T ៨-Fluna Cap., 30C ៩-Starova Tab. 20mg, 30T ១០-Starova Tab. 5mg, 30T ១១-BC Loxoprofen Sodium Hydrate Tab., 30T ១២-Valoin-A Soft Cap. 500mg, 30C ១៣-Amoxidal Duo Syrup, 50mL ១៤-Contrave ER Tab. ១៥-Rebapi-Q Tab. 30T ១៦-Tialbutin Tab. 30T ១៧-Javona Tab. 30T ១៨-Lacopat Syrup 100ml ១៩-Yurect Tab. 1mg, 30T ២០-Montidin Tab. 25mg 100T 120 ២១-Yuyu Cefaclor Cap., 30C ២២-Duomax Tab., 100T ២៣-Dexidil Syrup, 500mL ៕រក្សាសិទ្ធិដោយ:ចេស្តារ





