Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ឃួង ស្រេង ថ្លែងអំណរគុណសមាជិក សមាជិកា និងពលរដ្ឋនៅរាជធានីភ្នំពេញ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានតំណែងចៅសង្កាត់ទាំង១០៥

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ សម្រាប់ការគាំទ្រ និងបោះឆ្នោតជូនបក្សប្រជាជន រហូតធ្វើឲ្យគណបក្សប្រជាជនកម្ពុជា នាំមុខដាច់ទាំងអស់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ហើយបានទទួលតំណែងជាចៅសង្កាត់ ទាំង១០៥។

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះក្រុមការងារចុះជួយមូលដ្ឋានរាជធានីភ្នំពេញ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទាំង ១៤ ក្រុមការងារចុះជួយតាមបណ្ដាសង្កាត់ទាំង ១០៥ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សកម្មជនគណបក្ស និងសមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ស្មារតី និងពេលវេលាដ៏មានតម្លៃ ដើម្បីជួយគាំទ្រ ខិតខំ ប្រឹងប្រែង និងបំពេញការងារយ៉ាងយកចិត្តទុកដាក់លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ហើយបានដណ្ដើមជ័យជម្នះយ៉ាងធំធេងជូនគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមក៏សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងខ្លាំងបំផុតដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងគ្រប់ប្រភេទ មន្ត្រីរាជការស៊ីវិល និងបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួម ថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ជាពិសេស បានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យ គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំមូលដ្ឋានសង្កាត់ទាំង ១០៥ ក្នុងរាជធានីភ្នំពេញ បម្រើសេវារដ្ឋបាល សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យនៅមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរឡើង ស្របតាមកម្មវិធីកំណ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលបានដាក់ចេញកន្លងមក។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ នេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព សណ្ដាប់ធ្នាប់ គ្មានអំពើហិង្សា ការគំរាមកំហែង ឬ បាតុភាពណាមួយ កើតឡើងនោះឡើយ ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា “ប្រព័ន្ធបោះឆ្នោត និងដំណើរការនៃការបោរឆ្នោត នៅប្រទេសកម្ពុជា បានគោរពតាមគោលការណ៏លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាសកល សេរី ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌” ហើយកាន់តែបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋទាំងអស់ត្រូវការរស់នៅ និងប្រកបធុរកិច្ចក្រោមដំបូលន សុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាថ្មីម្តងទៀត ឯកឧត្តម សូមយកឱកាសដ៏ថ្លៃថ្លានេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនគណបក្ស និងប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់ សូមមានសុខភាពល្អ មានសុភមង្គល និងទទួលបានជោគជ័យគ្រប់តួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីបន្តរួមចំណែកថែរក្សាសុខសន្តិភាព និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងបេសកកម្ម បម្រើជាតិ និងប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×