ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ អំពី មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងជំនួបសម្តែងការអបអរសាទរជូនចំពោះលោកជំទាវ Penny Wong ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេស អូស្ត្រាលី ។

កាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតប ចំពោះការសាកសួររបស់លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយ បណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ព ជើងទឹករាម ដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្លួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញ របស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយ នៅលើទឹកដីកម្ពុជាឡើយ និងបានគូសបញ្ជាក់ថា ការកែលម្អមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន នឹងដើម្បីប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មតាមដែនសមុទ្រ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី













