ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Dalila Yasmin AMRI SUED ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ ។
ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវ លោកជំទាវនឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ អនុញ្ញាតឱ្យលោកជំទាវបានចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវបានប្តេជ្ញាថា តាមរយៈបេកសកកម្មការទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕ រក្សាសិទ្ធិដោយៈ ចេស្តារ






