Tuesday, December 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះជាជួបវិបត្តិកូវីដ-១៩ ភ្នំពេញនៅតែរីកលូតលាស់ផ្នែកអគារបណ្ដុំផ្ទះល្វែង និងអគារខ្ពស់ៗ សាក់រូបដើមឆ្នាំជិត ២ពាន់កន្លែង/អគារ

ភ្នំពេញ ៖ ជាការបង្ហាញអំពីថា ភ្នំពេញ គឺជាមជ្ឈមណ្ឌលរីកលូតលាស់ផ្នែកអចលនទ្រព្យនោះ ក្នុងពិធីបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមស៍ឃែ្វរ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមពាក់កណ្ដាលដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗ ចំនួន ១.៦០៣ អគារ។

ក្នុងចំណោមនោះ អគារកម្ពស់ចាប់ពី ២០ជាន់ ឡើងទៅ មានចំនួន ២២៥ អគារ, ហើយក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមានផលប៉ះពាល់ពីវិបត្តិជាសាកលបង្កឡើងដោយជំងឺកូវីដ-១៩យ៉ាងណាក្ដី ក៏រាជធានីភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុប ជាង ៤,៦៣លានម៉ែត្រការ៉េ ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក, ទាំងនេះធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង មានអគារត្រដែតត្រដឹម ស្កឹមស្កៃ មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

ងាកមកផ្សារទំនើប ព្រីនស៍ ថាមស៍ឃែ្វរ ដែលទើបស្ថាបនារួចរាល់ថ្មីៗនេះវិញ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ផ្សារទំនើប ព្រីនស៍ ថាមស៍ឃែ្វរ បានប្រមូលផ្តុំនូវម្ចាស់អាជីវកម្មចិន និងខ្មែរ ជាច្រើន និងជាអគារពាណិជ្ជកម្មខ្នាតធំ ដែលមានមុខងារពេញលេញនៅក្នុងទីក្រុងភ្នំពេញ ហើយក៏ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ដែលបានបើកដំណើរជាសាធារណៈនៅកម្ពុជា។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍ មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានចាក់ឫសនៅក្នុងទឹកដីប្រទេសកម្ពុជា និងមានអាជីវកម្មគ្របដណ្ដប់លើវិស័យនានា ដូចជា ផ្សារទំនើប, លំនៅឋាន , និងតំបន់ទេសចរណ៍ ហើយមានតួនាទីជាអ្នកចូលរួមក្នុងបុព្វហេតុជំរុញការអភិវឌ្ឍនគរូបនីយកម្ម និងទំនើបកម្មនៃប្រទេសកម្ពុជា។

ផ្សារទំនើប ព្រីនស៍ ថាមស៍ឃែ្វរ មានទីតាំង ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមស៍ឃ្វែរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ក្នុងការពង្រាយអាជីវកម្មរបស់ខ្លួន និងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×