ព្រះសីហនុ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា សម្រាប់ការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ កម្ពុជា នៅតែស្វាគមន៍ និងបើកចំហរជានិច្ច ចំពោះការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥៣ បានចែងច្បាស់ថា៖ ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យាក្រឹតអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។ ព្រះរាជាណាចក្រកម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃ ប្រទេសដទៃដោយផ្ទាល់ ឬដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់ បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ផងគ្នាទៅវិញទៅមក។ ព្រះរាជាណាចក្រកម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្រប-ខ័ ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានា សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក (កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ)។
ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចិមប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម។
សម្តេចពិជ័យសេនា បានបដិសេធថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះឡើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសថា ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្ម លើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ កម្ពុជានឹងបន្តធ្វើឱ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យដូចជា៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាពជាដើម។

បន្ថែមពីនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា កម្ពុជាបានទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត ដូចជាសម្ភារៈសឹកធុនធ្ងន់ និងទំនើប ហើយបច្ចុប្បន្ននេះ កំពុងតែធ្វើការហ្វឹកហ្វឺនជំនាញបញ្ហា បច្ចេកទេស និងប្រើប្រាស់។ នៅពេលអនាគត កម្ពុជានឹងបន្តទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត និងទិញសម្ភារៈ សឹកធុនធ្ងន់ និងទំនើបពីប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, កិច្ចសហប្រតិបត្តិការយោធាចិន និងកម្ពុជា ជាសសរទ្រូងដ៏រឹងមាំនចំណងមិត្តភាពដែកថែប នៃប្រទេសទាំងពីរ សមស្របទៅនឹងផលប្រយោជន៍មូលដ្ឋាននៃប្រទេស និងប្រជាជនប្រទេសទាំងពីរ។ គម្រោងទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ក្រោមជំនួយប្រទេសចិន ជាសមិទ្ធផលឈរលើមូលដា្ឋនគោរពគា្នទៅវិញទៅមកនិងពិភាក្សាស្មើមុខស្មើមាត់រវាងចិន និងកម្ពុជា សមស្របនឹងច្បាប់ផ្ទៃក្នុងប្រទេសទាំងពីរ ច្បាប់អន្តរជាតិពាក់ព័ន្ធ និងក្រមប្រតិបត្តិអន្តរជាតិ។
លោកបានបញ្ជាក់ថា ប្រទេសខ្លះឃោសនាបំបាំង និងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគា្នប្រក្រតីរវាងចិននិងកម្ពុជា យកលេសសិទ្ធិប្រជាធិបតេយ្យដាក់ទណ្ឌកម្មឯកតភាគីស្រេចតែអំពើចិត្ត ប្រើអំណាចយុត្តាធិការហួសព្រំដែនយ៉ាងគឃ្លីន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងកំរោល យើងខ្ញុំប្រឆាំងជាដាច់ខាត់ចំពោះអំពើទាំងអស់នេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី










