Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាកម្ពុជានឹងរៀបំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣

ភ្នំពេញ ៖ សភាកម្ពុជានឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធនិម្មិត ដែលផ្សាយចេញវិមានរដ្ឋសភាកម្ពុជា។ កិច្ចប្រជុំដ៏សំខាន់នេះ ជាផ្នែកមួយដែលសភាកម្ពុជាធ្វើជាម្ចាស់នៃមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ក្នុងឆ្នាំ២០២២នេះដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាប្រធានគណៈកម្មការៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំមួយជាមួយក្រុមការងារគ្រប់ផ្នែក ក្នុងការត្រៀមលក្ខណៈរៀបចំប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន”នេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្ត្រីនៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្នើឲ្យអង្គប្រជុំត្រួតពិនិត្យជាលើកចុងក្រោយនូវរាល់ខ្លឹមសារឯកសារ និងកម្មវិធី ក្នុងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងត្រៀមអនុវត្តការងាររៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

ក្រៅពីនេះកិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកការរីកចម្រើនដើម្បីធ្វើឱ្យមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលបានជោគជ័យ។

សភាកម្ពុជាបានធ្វើជាប្រធានអាយប៉ា តាមការប្តូរវេនម្តងហើយ កាលពីឆ្នាំ២០០៤ និងធ្លាប់បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី”គ្រឿងញៀន” ចំនួនពីរលើក គឺលើកទី១ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និង លើកទី២ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។
ចំពោះកិច្ចប្រជុំ ពិគ្រោះយោបល់អាយប៉ា លេីកទី៥ ស្តីពី”គ្រឿងញៀន” នាពេលខាងមុខនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍លើកឡើងថា រហូតមកដល់ពេលនេះ គណៈកម្មការរៀបចំ បានត្រៀមរួចរាល់នូវមូលបទ និងប្រធានបទសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងបានផ្ញើរជូនអគ្គលេខាធិការអាយប៉ានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសជាសមាជិកអាយប៉ារួចរាល់អស់ហើយដែរ ដោយរងចាំតែថ្ងៃប្រជុំមកដល់ប៉ុណ្ណោះ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជា អាយប៉ា លើកទី៤៣ បានមានប្រសាសន៍ថា លេខាធិការដ្ឋានអាយប៉ា ក៏បានរៀបចំផែនការ សកម្មភាពសម្រាប់ត្រៀមអាយប៉ាលើកទី៤៣ សំដៅធ្វើយ៉ាងណាឱ្យមហាសន្និបាតនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលល្អ។

នៅក្នុងកិច្ចប្រជុំនាឱកាសនេះ បានទទួលមតិយោបល់ជា ធាតុចូលជាច្រើនពីសមាជិកអង្គប្រជុំ ដែលមានមតិយោបល់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និង ឯកឧត្តមលោកជំទាវ មួយចំនួនទៀត ដែលបានលើកឡើងក្នុងការចែករំលែកទស្សនទាន លើខ្លឹមសារក៏ដូចជាយន្តការងារ ដើម្បីធ្វើយ៉ាងណា ឲ្យមហាសន្និបាតអាយប៉ាក៏ដូចកិច្ចប្រជុំពិគ្រោះយោបល់ពីគ្រឿងញៀនទទួលបានលទ្ធផលល្អ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមការងារទំាងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់ជាមតិយោបល់ល្អៗដើម្បីចូលរួមជាធាតុផ្សំធ្វើឲ្យខ្លឹមសារកិច្ចប្រជុំ កាន់តែស៊ីជម្រៅ ចំបញ្ហានិងមានចំនុចវិជ្ជមានល្អៗ ធ្វើយ៉ាងណាឲ្យការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៣ ក៏ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” ទទួលបានជោគជ័យ៕ រក្សាសិទ្ធិដោយ: ចេស្តារ

×