ភ្នំពេញៈ រដ្ឋសភាកម្ពុជាបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីដំណើរការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះ និងដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ចេញពីស្ថាប័នរដ្ឋ ចៀសវាងការទទួលព័ត៌មានពីខាងក្រៅដែលមិនគ្រប់ជ្រុងជ្រោយ។
ជាពិសេសឲ្យអង្គទូតបានយល់ដឹងអំពីអ្វីដែលជាប្រជាធិបតេយ្យនៅកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
កិច្ចប្រជុំពិគ្រោះយោបល់នេះមានការចូលរួមពីសមាជិកាសមាជិការដ្ឋសភា តំណាងឯកអគ្គរាជទូត-រដ្ឋទូតប្រចាំកម្ពុជា ចំនួន៣១ ប្រទេស រួមនឹងអង្គការអន្តរជាតិ រួមមាន UNDP និង World Bank ហើយក៏មានការចូលរួមពីតំណាង ក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។

ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៏បញ្ជាក់ថា វេទិកានេះគឺជាការជួបពិគ្រោះយោបល់លើកទី១ រវាងរដ្ឋសភាជាមួយអង្គទូតបរទេសប្រចាំកម្ពុជា អំពីការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី៥នេះ កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២២។ នេះជាវេទិកាមួយដែលបានផ្តល់នូវព័ត៌មានពិត និងច្បាស់លាស់ចេញពីស្ថាប័នរដ្ឋ ។ កន្លងមកអង្គទូត ឬមួយស្ថាប័នតំណាងអង្គការមួយចំនួនទទួលព័ត៌មានពីខាងក្រៅ ដូច្នេះបញ្ហាព័ត៌មានត្រូវមានការថ្លឹងថ្លែងទាំងសងខាង និងវិភាគឲ្យបានច្បាស់លាស់។ អ្វីដែលចង់ផ្តល់ឱកាសនៅទីនេះ គឺការពិភាក្សាគ្នាដោយត្រង់ទៅត្រង់មក ហើយយល់ដឹងអំពីអ្វីដែលជាប្រជាធិបតេយ្យនៅកម្ពុជា។ ពិតណាស់ហើយមិនអាចទៅចាប់ដៃគេ ឬមាត់គេឲ្យនិយាយតាមយើងត្រូវតែធ្វើនេះធ្វើនោះឲ្យត្រឹមត្រូវទៅតាមបំណងរបស់យើងទេ ប៉ុន្តែជាការមើលឃើញជាក់ស្តែងនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទី១.សន្តិភាពមានពិតប្រាកដ ទី២. ការបោះឆ្នោតមានសន្តិសុខល្អ ទី៣. ការបោះឆ្នោតប្រព្រឹត្តទៅតាមលំហូរ នៃច្បាប់ដែលបានអនុញ្ញាតតាំងពីការចុះឈ្មោះបោះឆ្នោត ឃោសនាបោះឆ្នោត ការបោះឆ្នោត និងការដោះស្រាយពាក្យបណ្តឹង។ ហើយដំណាក់កាលនិមួយៗនៃការដោះស្រាយ គឺឆ្លើយតបបានទៅនិងបេក្ខជនដែលបានដាក់ពីគណបក្សនិមួយៗ។

ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា អ្វីដែលបានបំភ្លឺជូនទៅអង្គទូត គឺចង់បញ្ជាក់ជូនថា ទោះជាអាណត្តិនេះ មានគណបក្សប្រជាជនកម្ពុជាតែមួយគត់នៅក្នុងរដ្ឋសភាមែន តែមិនមានន័យថា បាត់បង់នៅអវត្តមាននយោបាយប្រជាធិបតេយ្យ សេរីពហុបក្សនោះទេ។ តាមការបោះឆ្នោត និងតាមការផ្សាយបឋមរបស់ គ.ជ.ប ឃើញថា វត្តមាននៃពហុបក្សក៏បានកើតឡើង និងក៏បាននៅតែរស់រានមានជីវិតនៅក្នុងបណ្តាមូលដ្ឋានឃុំសង្កាត់ ដែលបានឃើញនៅក្នុងលទ្ធផលបោះឆ្នោតកន្លងមកនេះ។ អ្វីដែលសំខាន់នោះ គឺយើងចង់បញ្ជាក់នៅអធិបតេយ្យភាពរបស់កម្ពុជាផងដែរថា កម្ពុជាត្រូវតែអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន ឯករាជ្យភាពរបស់ខ្លួន ក្នុងការអនុវត្តតប្រជាធិបតេយ្យរបស់ខ្លួន។ ការអនុវត្តប្រជាធិបតេយ្យនេះធ្វើឲ្យអង្គទាំងអស់យល់ថា តើអ្វីជាគោលការណ៍គ្រឹះនៃប្រជាធិបតេយ្យ? គឺត្រូវធ្វើទៅតាមវប្បធម៌ ជាតិសាសន៍ ប្រពៃណី និងទំនៀមទម្លាប់ដែលកម្ពុជាមាន។
អ្នកសង្កេតការណ៍អន្តរជាតិ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានអះអាងថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តិទៅប្រកបដោយភាពជោគជ័យ ការបោះឆ្នោតមានតម្លាភាព លទ្ធិ ប្រជាធិបតេយ្យ សេរី ពហុបក្ស។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃអាទិត្យទី៥ខែមិថុនាកន្លងទៅនេះមានគណបក្សនយោបាយចំនួន ១៧ចូលរួមប្រកួតប្រជែង៕ រក្សាសិទ្ធិដោយៈ ចេស្តារ








